រាជធានីភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជាសន្ទុះនៃការរកសេវាកម្មសុខភាពមាត់ធ្មេញហាក់មានការកើនឡើង ដោយសារតែពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ នាពេលបច្ចុប្បន្ននេះយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពមាត់ធ្មេញ ព្រោះតែវាជាចំណែកមួយសំខាន់ក្នុងការបង្កើនសម្រស់និងសុខភាពជាទូទៅ ។ នេះបើតាមការលើកឡើងរបស់ លោកស្រី អេង លីគង់ ដែលជាសហស្ថាបនិក និងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ។

លោកស្រី អេង លីគង់ ដែលជាទន្តបណ្ឌិត និងជានាយិការរបស់មន្ទីរព្យាបាលធ្មេញ Master Care បានឱ្យដឹងថា អ្នកមករកសេវាកម្មបញ្ហាមាត់ធ្មេញមានច្រើន តាំងពីលោកស្រីបើកអាជីវកម្មដំបូង ដែលពេលនោះមិនសូវមានពេទ្យធ្មេញ ឬអ្នករៀនខាងផ្នែកពេទ្យធ្មេញនោះទេ ។ បើទោះបីបច្ចុប្បន្នមានអ្នករៀនខាងពេទ្យធ្មេញច្រើនក៏ដោយ ប៉ុន្តែក៏មានការកើនឡើងនៃអ្នកមករកសេវាកម្មនេះដូចគ្នា ដែលធ្វើឲ្យអាជីវកម្មមួយនេះកាន់តែពេញនិយម ។
លោកស្រី អេង លីគង់ បានមានប្រសាសន៍ថា «តម្រូវការសេវាកម្មមាត់ធ្មេញតែងតែមានខ្ពស់បំផុត ។ តាំងពីខ្ញុំរៀន និងចេញប្រកបអាជីវកម្មមក មិនសូវមានអ្នករៀនក្តី គឺអ្នកដែលមករកសេវាកម្មនឹងច្រើន ហើយទោះបីឥឡូវមានគ្រូពេទ្យធ្មេញច្រើនហើយ ក៏តម្រូវការក៏កាន់តែច្រើនឡើងដូចគ្នា» ។

លោកស្រីបានបញ្ជាក់បន្ថែមថា «បើប្រៀបធៀបនឹងអាជីវកម្មដទៃទៀតអាជីវកម្មសុខភាពមាត់ធ្មេញនេះអាចបានយូរអង្វែង ដោយសារវាជាសេវាមួយដែលគេត្រូវការច្រើន» ។ ត្រង់ចំនុចនេះ មហាជនពិតជាចង់ដឹងថាអ្វីជាមូលហេតុនាំឲ្យពលរដ្ឋផ្តោតការយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញខ្ពស់ឆ្ងាយពីពេលមុន ?
លោកស្រីទន្តបណ្ឌិត បានមានប្រសាសន៍ឲ្យដឹងអំពីហេតុផលនេះថា ពីមុនមានអ្នកជីវភាពមធ្យម និងមិនសូវមានលុយកាក់ច្រើន ហើយម្យ៉ាងទៀតពួកគាត់ក៏មិនសូវយល់ដឹងពីបញ្ហាមាត់ធ្មេញ ដូចនេះពួកគាត់មិនសូវជាមករកសេវាកម្មនេះទេ ហើយវិស័យធ្មេញនេះ បើនិយាយទៅ គឺអាចថាចាប់ផ្តើមពីអ្នកមានកម្រិតជីវភាព មធ្យមឡើងទៅ ពួកគាត់ល្មមៗមករកពេទ្យហើយ ។ ប៉ុន្តែបើជីវភាពពួកគាត់មិនសូវធូរធាទេ ពួកគាត់ចាំទាល់តែឈឺខ្លាំង ដែលទ្រាំលែងបាន បានមករកពេទ្យធ្មេញ ។
លោកស្រី អេង លីគង់ បានបន្តថា «ពីមុនអ្នកមានជីវភាពក្រីក្រទាល់តែគាត់ឈឺ ទើបគាត់មករកពេទ្យបើទោះបីធ្មេញគាត់បាក់អស់ក្តី ដូចនេះគាត់មិនខ្វល់ទេ។ ប៉ុន្តែឥឡូវ ប្រទេសមានភាពជឿនលឿន និងសេដ្ឋកិច្ចគ្រួសារនឹងបានប្រសើរជាងមុន ដូចនេះប្រជាពលរដ្ឋបច្ចុប្បន្នបានចាប់អារម្មណ៍ទៅលើសម្រស់ជាសំខាន់ ។ ដូចនេះនៅពេលប្រជាជនបានចាប់អារម្មណ៍លើសម្រស់ច្រើន គឺធ្វើឱ្យវិស័យពេទ្យធ្មេញក៏មានការរីកចំរើនទៅតាមនឹងដែរ»។
លោកស្រីបានបន្ថែមថា កាលដែលលោកស្រីបានចូលរៀនក្នុងមុខវិជ្ជាពេទ្យធេ្មញនេះ លោកស្រីមិនបានគិតដល់ថាវិស័យពេទ្យធ្មេញ មានភាពរីកចំរើនដូចពេលនេះទេ លោកស្រីរៀនក៏ព្រោះលោកស្រីចង់ត្រឹមតែបានបន្តការសិក្សាក្នុងមហាវិទ្យាល័យប៉ុណ្ណោះ (រៀនអ្វីក៏រៀនទៅ ឱ្យតែបានបន្តការសិក្សាក្នុងមហាវិទ្យាល័យ) កាលពីសម័យនោះ ៕
ចែករំលែកព័តមាននេះ