ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃពុធនេះថា លោកនៅតែមានជំងឺកូវីដ១៩ មិនទាន់ជា បន្ទាប់ពីធ្វើតេស្តកាលពីថ្ងៃមុនម្តងទៀត។ នេះយោងតាមប្រភពព័ត៌មានពី Bangkok Post បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ។

មេដឹកនាំស្តាំនិយមរូបនេះបាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុកពីសួនច្បាររបស់គាត់ថា៖ «ខ្ញុំមិនអីទេ អរគុណព្រះជាម្ចាស់។ ខ្ញុំបានធ្វើតេស្ត ហើយលទ្ធផលនៅពេលល្ងាចចេញមកថា ខ្ញុំនៅតែមានកូវីដវិជ្ជមាន»។
លោក Bolsonaro បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីទេ ហើយការប្រើប្រាស់ថ្នាំ Hydroxychloroquine ដែលប្រឆាំងនឹងជំងឺគ្រុនចាញ់ គឺជាអ្វីដែលគាត់បានធ្វើតាំងពីចេញរោគសញ្ញាដំបូង។

គាត់បាននិយាយថា៖ «ខ្ញុំមិនណែនាំអ្វីទាំងអស់។ ខ្ញុំសូមណែនាំឱ្យអ្នកពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ ក្នុងករណីរបស់ខ្ញុំគ្រូពេទ្យយោធា បានណែនាំឱ្យប្រើថ្នាំ Hydroxychloroquine ហើយវាមានប្រសិទ្ធភាព»។
គួរបញ្ជាក់ផងដែរថា ប្រេស៊ីលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់ទី២ លើពិភពលោក ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានមនុស្សបាត់បង់ជីវិតជាង ៧៤,០០០នាក់ និង មានករណីឆ្លងសរុបដល់ទៅ ១.៩លានករណី៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ