តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា យោងតាមតួលេខពីសាកលវិទ្យាល័យចនស៍ហបគីនស៍ បានឱ្យដឹងថា ករណីជំងឺកូវីដ១៩ បានកើនឡើងដល់ជាងមួយលាននាក់នៅទូទាំងពិភពលោក ក្នុងរយៈពេលតែ៥ថ្ងៃ ខណៈដែលចំនួននៅតែបន្តកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ករណីដែលបានរាយការណ៍បានកើនឡើងចំនួន ១,០៤៦,២០០នាក់ ចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា ដែលកើនឡើងពី ៩៩៤,៤០០ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៩ ខែកក្កដា។

ចំនួនករណីសរុបទូទាំងពិភពលោកបានកើនលើស ១៣លាននាក់ កាលពីថ្ងៃច័ន្ទដែលកើនឡើង ១,០៦១,៦០០នាក់ នៅចន្លោះថ្ងៃទី៨ ខែកក្កដា និងថ្ងៃទី១៣ ខែកក្កដា។ យោងតាមទិន្នន័យ JHU បានឱ្យដឹងថា ឥឡូវនេះមានមនុស្សបាត់បង់ជីវិតជាងពាក់កណ្តាលលាននាក់ ដោយសារវីរុសនេះទូទាំងពិភពលោក។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃច័ន្ទបានព្រមានថា៖ «យើងនឹងមិនវិលត្រឡប់ទៅរកសភាពធម្មតាវិញ សម្រាប់អនាគត ដែលអាចមើលឃើញជាមុនបានឡើយ»។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា មិនមានផ្លូវកាត់ចេញពីការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះទេ ហើយថា ខណៈពេលដែលយើងសង្ឃឹមថា នឹងទទួលវ៉ាក់សាំងមានប្រសិទ្ធភាព ត្រូវតែមានការផ្តោតលើការប្រើប្រាស់ឧបករណ៍ ដែលមាននៅពេលនេះ ដើម្បីទប់ស្កាត់ការឆ្លង និងជួយសង្គ្រោះជីវិតមនុស្ស។ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ