ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នាវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០នេះ មានផ្សែងហុយចេញពីរោងចក្រផលិតឥដ្ឋដូចចុះអ័ព្ទបានគ្រប់ដណ្ដប់លើលំនៅឋានរបស់ពួកគាត់ ស្ថិតក្នុងភូមិវាលមាស ភូមិវាលធំ ឃុំវាលរេញ និងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ពាក់ព័ន្ធនឹងបញ្ហាផ្សែងខាងលើនេះ ពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ និងស្នើដល់អាជ្ញាធរជួយចាត់វិធានការតាមលក្ខខណ្ឌណាមួយដល់ម្ចាស់រោងចក្រផលិតឥដ្ឋខាងលើនេះឱ្យកែសម្រួល ឬកាត់បន្ថយ តាមដែលអាចធ្វើបាន ។

រោងចក្រផលិតឥដ្ឋមួយកន្លែងខាងលើនេះ មានទីតាំងនៅតាមបណ្ដោយសម្ដេចសង្ឃទេពវង្ស (វាលរេញ-ស្ទឹងហាវ) ជិតវត្តថ្មដា ស្ថិតក្នុងភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋលើកឡើងខាងលើនេះ គឺជាទីតាំងសិប្បកម្មផលិតឥដ្ឋ ដែលទើបតែចាប់ផ្ដើមដំណើរការនៅដើមខែកក្កដា ឆ្នាំ២០២០នេះ ហើយក្រោយពីចាប់ផ្ដើមដំណើរការក៏មានផលប៉ះពាល់ដូចជាផ្សែងហុយបែបនេះជាដើម ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្ថាប័នជំនាញបរិស្ថានបានចុះអប់រំណែនាំម្ដងរួចមកហើយ ប៉ុន្តែហាក់មិនទាន់មានភាពកែសម្រួលតាមអាជ្ញាធរមន្ត្រីជំនាញដែលបានណែនាំនោះឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ