ដាំកូនឈើប្រណីតនិងដើមផ្កាព្រៃ៤០០ដើមក្នុងបរិវេណប្រាសាទអង្គរ
- សៀមរាប
ខេត្តសៀមរាប ៖ កូនឈើប្រណីតប្រភេទធ្នង់ គ្រញូង បេង នាងនួន សុក្រំ និងដើមរំដួល ថ្កុលមាសសរុបចំនួន៤០០ដើម ត្រូវបានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ«សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន» ។

ពិធីដាំកូនឈើនេះផ្តួចផ្តើមដោយលោក គី តិច ប្រធានក្រុមមេធាវី រាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ គណៈអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីព្រះអនុគណក្រុង មន្ត្រីសង្ឃ និងមន្ត្រី បុគ្គលិកតាមស្ថាប័ននីមួយៗ សរុបចំនួន២៣៤ អង្គ/នាក់។

មានប្រសាសន៍នាឱកាសនោះ លោក ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០១៤ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ លោកក៏បានបញ្ជាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តក៏បានលើកឡើងថា គ្រប់គ្នាតែងមាន គំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព ។ សូមកុំឲ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ ព្រោះដើមឈើនេះហើយជាប្រភពផ្តល់ទឹកដល់មនុស្ស សត្វ និង រុក្ខជាតិ ព្រមទាំងជាទីលំនឹងទប់ស្កាត់ការរីករឹលនៃថ្មប្រាសាទទៀតផង ។

ក្នុងនាមជាអ្នកផ្តួចផ្តើមពិធីដាំដើមឈើ លោក គី តិច ប្រធានក្រុមមេធាវី រាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និង គណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឲ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរ្ត៍តំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តដល់សាធារណជនឲ្យស្រឡាញ់ធម្មជាតិ ព្រមទាំងចូលរួមដាំដើមឈើឡើងវិញ នៅតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និង សហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។

លោកក៏បានបញ្ជាក់ពីមូលហេតុនៃការរៀបចំពិធីនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខុដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ ។ ម្យ៉ាងទៀតការ ដាំដើមឈើនៅក្នុងតំបន់ប្រាសាទ ដែលជាសម្បត្តិមរតកដូនតាខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិដ៏មហាសាល ដែលជាប្រភព ចំណូលមិនចេះរីងស្ងួតរបស់ជាតិ ។

ការដាំឈើដ៏មានតម្លៃទាំងនេះ ក៏ជាការលើកនូវសម្រស់ធម្មជាតិនៃប្រាង្គប្រាសាទប្រកបទៅដោយសម្រស់បៃតង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏ជារនាំបិទបាំងនូវបាតុភូធម្មជាតិ និង ការរីករិលដល់ថ្មប្រាសាទទៀតផង ។

ដូច្នេះជម្រកព្រៃឈើ គឺផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់មនុស្សជាតិ សត្វ និងរុក្ខជាតិ រស់នៅលើភពផែនដី ប្រកបដោយភាពសុខសាន្ត ។ លោកក៏បានធ្វើការក្រើនរំលឹកដល់ជនរួមជាតិទាំងអស់ ត្រូវបណ្តុះនូវ ស្មារតីឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ ត្រូវសន្សំសំចៃក្នុងការប្រើប្រាស់ផលនិងអនុផលព្រៃឈើគ្រប់ប្រភេទ និងត្រូវគោរពច្បាប់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជានីតិរដ្ឋដ៏ប្រសើរ៕ (កែសម្រួលដោយ ៖ ធីតា)












ចែករំលែកព័តមាននេះ