ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាព​ព្រៃ​ភ្នំ​តំបន់​អូរ​តា​ផៃ​នៃ​ខេត្ត​ប៉ៃលិន​ស្រស់បំព្រង​គួរ​ឱ្យ​ចង់​គយគន់ អ្នកស្រុក​ចង់ឱ្យ​ស្ថាប័ន​ជំនាញ​រៀបចំ​ទៅ​ជា​តំបន់​ទេសចរណ៍

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ព្រៃ​ភ្នំ​នៅ​តំបន់​អូរ​តា​ផៃ ដែល​មាន​ចម្ងាយ​ពី​ក្រុងប៉ៃលិន ប្រមាណ​២០​គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាងត្បូង ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន មាន​សម្រស់​ខៀវស្រងាត់

ខេត្ត​ប៉ៃលិន ៖ ព្រៃ​ភ្នំ​នៅ​តំបន់​អូរ​តា​ផៃ ដែល​មាន​ចម្ងាយ​ពី​ក្រុងប៉ៃលិន ប្រមាណ​២០​គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាងត្បូង ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន មាន​សម្រស់​ខៀវស្រងាត់ គួរ​ឱ្យ​ចង់​គយគន់ ។ លើស​ពី​នេះ​ទៅ​ទៀត មាន​ទឹកអូរ​ហូរ រឹម​ៗ​នៅ​លើ​ថ្មដា គួរ​ឱ្យ​ចង់​ងូត​លេង​កម្សាន្ត ។

បើ​តាម​អ្នក​រស់នៅ​តំបន់​នោះ កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង បើ​គេ​បើកបរ​រថយន្ត ឬ​ម៉ូតូ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងត្បូង ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ហើយ​សម្លឹង​ទៅ​ខាងស្តាំ​ដៃ នឹង​ឃើញ​ព្រៃ​ភ្នំ​តំបន់​អូរ​តា​ផៃ ខៀវស្រងាត់​គួរ​ឱ្យ​ចង់​គយគន់​មិន​ជិនណាយ ។ បើសិនជា​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​អង្គុយ​នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ដើម​នៅ​ក្បែរ​មាត់​អូរ នឹង​ឮ​សំឡេង​រៃកណ្តឹង និង​រៃ​មាស​យំ​ឆ្លើយឆ្លង​គ្នា លាយឡំ​ជាមួយនឹង​សំឡេង​បក្សី​ច្រើន​ប្រភេទ​ស្រែក​រំពង​យ៉ា​ង​ពីរោះ​រណ្តំ ។

ចំណែក​ទឹកជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពីលើ​ភ្នំ​ខៀវ ខួប​ប្រាំង ខួប​វស្សា មិន​ចេះ​រីងស្ងួត​នោះ បើសិនជា​អ្នក​ធ្វើ​ដំណើរ​នឿយហត់​បន្តិច ដោយសារ​កំ​ដៅ​ព្រះអាទិត្យ អាច​នាំ​គ្នា​ឈប់​មួយស្របក់​ចុះ​ងូតទឹក​ត្រជាក់​ដូច​ទឹកអម្រឹត​ធ្លាក់​មក​ពី​ស្ថានសួគ៌ា ញ៉ាំ​ង​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​មិន​ខាន ។

អ្នក​ភូមិ​និយាយ​ថា បើសិន​អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍​ខេត្ត​កសាង​ផ្លូវ​ឱ្យ​ល្អ និង​កែ​ច្នៃ​តំបន់​នោះ​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ នឹង​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ទៅ​កម្សាន្ត​មិន​ខាន​ឡើយ ។

នៅ​ហួស​តំបន់​អូរ​នោះ​បន្តិច មាន​កន្លែង​កម្មករ​រុករក​ត្បូង​ជា​លក្ខណៈ​គ្រួសារ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ គឺ​ពួក​គេរ​កតាម​មាត់​អូរ និង​តាម​ដងអូរ​រហូត​ដល់​តំបន់​ទុរេន​២​ដើម និង​តំបន់​ចិន​យំ ហើយ​ក៏​មាន​ក្រុមហ៊ុន​មួយ​កំពុង​តែ​រុករក​ត្បូង​នៅ​ទីនោះ​ដែរ ៕