មនុស្សតែងតែចូលចិត្តអានពីខ្សែជីវិតរបស់មហាសេដ្ឋីដែលបានកសាងទ្រព្យសម្បត្តិពីបាតដៃទទេ ឬបុគ្គលដែលមិនបានបញ្ចប់ការសិក្សាកម្រិតខ្ពស់ដើម្បីចាប់ផ្តើមអាជីវកម្មដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេ និងពិភពលោកទាំងស្រុងជាដើម ។
ការអានពីមនុស្សដែលបានខិតខំប្រឹងប្រែងរហូតដល់ជោគជ័យអាចជួយលើកទឹកចិត្តមនុស្សជាច្រើន ប៉ុន្តែការពិតជាក់ស្តែង ការខិតខំប្រឹងប្រែងប្រហែលជាមិនគ្រប់គ្រាន់ឡើយ ។

មហាសេដ្ឋីធំៗជុំវិញពិភពលោកដូចជាលោកមហាសេដ្ឋី ម៉ាក ហ្សាក់កាបឺក (Mark Zuckerbeg) របស់ Facebook លោក ជេហ្វ បេសូស (Jeff Bezos) របស់ Amazon និងលោក ប៊ីល ហ្គេតស៍ (Bill Gates) របស់ Microsoft បានធំធាត់ក្នុងគ្រួសារអ្នកមានស្រាប់ទៅហើយមុនពេលដែលពួកលោកក្លាយជាមហាសេដ្ឋី ។
ជាក់ស្តែង លោក បេសូស បានចាប់ផ្តើម Amazon ពីកន្លែងចតរថយន្តក្នុងផ្ទះរបស់លោកពិតមែនកាលពីឆ្នាំ ១៩៩៤ ប៉ុន្តែអ្នកសារព័ត៌មានម្នាក់ក្នុងពេលថ្មីៗនេះបានប្រាប់មកថានៅមានមួយផ្នែកទៀតដែលបានជួយឲ្យលោកជោគជ័យដូចសព្វថ្ងៃនេះ ។ ពេលនោះឪពុកម្តាយរបស់លោកបានវិនិយោគប្រមាណ ២៥០,០០០ដុល្លារទៅលើក្រុមហ៊ុន Amazon ដើម្បីជួយដល់កូនប្រុសរបស់ខ្លួន ។
លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ ក៏មិនខុសគ្នាប៉ុន្មានដែរ ។ ជាក់ស្តែងលោកពិតជាបានចាកចេញពីសាកលវិទ្យាល័យ Harvard មុនពេលបញ្ចប់ការសិក្សាពិតមែន ប៉ុន្តែលោកក៏បានពឹងផ្អែកលើម្តាយរបស់លោកដែលមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលឲ្យ IBM ជឿជាក់លើ Microsoftដែរ ។
សូម្បីតែមហាសេដ្ឋី ម៉ាក ហ្សាក់កាបឺក របស់ Facebook ក៏ទទួលបានជំនួយពីគ្រួសារអ្នកមានរបស់លោកដែរ ហើយលោកបានបញ្ជាក់វាដោយខ្លួនឯងក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១០ ។
មនុស្សត្រូវទទួលស្គាល់ថា ការមានទ្រព្យសម្បត្តិមិនតែងតែធានាថាមនុស្សម្នាក់មានឱកាសជោគជ័យទាំងស្រុងទេ ប្រៀបបានដូចមហាសេដ្ឋីជាច្រើនដែលបានខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ពួកគេអស់ ។
ជាមួយគ្នានេះផងដែរ លើលោកនេះពិតជាមានមនុស្សដែលបានកសាងទ្រព្យសម្បត្តិពីបាតដៃទទេពិតមែន ហើយពួកគេនៅតែស័ក្តិសមនឹងទទួលបានឈ្មោះនេះ ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីមួយចំនួន អ្នកប្រហែលជាត្រូវគិតឡើងវិញថា ការដែលពួកគេអះអាងថាពួកគេកសាងទ្រព្យសម្បត្តិដោយខ្លួនឯងទាំងស្រុងនេះត្រឹមត្រូវដែរ ឬទេ? ៕
ចែករំលែកព័តមាននេះ