រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចទៅនឹងបណ្តាប្រទេសនៅលើពិភពលោកផ្សេងទៀត ត្រូវការនាំចូលសាច់ផ្សេងៗសម្រាប់ផ្គត់ផ្គង់លើទីផ្សារ សម្រាប់កម្ពុជាគិតមកដល់សព្វថ្ងៃនេះអាចនិយាយបានថា កម្ពុជាទើបមានលទ្ធភាពផ្គង់ផ្គង់សាច់នៅក្នុងស្រុករបស់ខ្លួនបាន២៣ម៉ឺនតោន ឬស្មើប្រមាណ៨២%នៃតម្រូវការប្រចាំឆ្នាំ២៩ម៉ឺនតោន ។

ទាក់ទង និងតម្រូវការសាច់ និងការផ្គត់ផ្គងសាច់នៅក្នុងស្រុក នាពេលបច្ចុប្បន្ននេះ បើយោងតាមប្រសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនាពេលថ្មីៗថា «តម្រូវការសាច់ក្នុងមួយឆ្នាំៗយើងត្រូវការសាច់២៩ម៉ឺនតោន ប៉ុន្តែយើងទើបផ្គត់ផ្គង់ខ្លួនឯងបានជាង២៣ម៉ឺនតោនស្មើប្រមាណ៨២% ។ ដូច្នេះយើងត្រូវជំរុញការចិញ្ចឹមសត្វជាបន្តទៀត»។

ទន្ទឹមនឹងកម្ពុជាកំពុងជំរុញការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ឬបំពេញតម្រូវការក្នុងស្រុកហើយកាត់បន្ថយការនាំចូលពីប្រទេសជិតខាងស្រាប់តែមានក្រុមហ៊ុនមួយបានស្នើសុំគោលការណ៍មកសម្តេចតេជោ នាំចូលជ្រូករស់ពីប្រទេសថៃ១លានក្បាលសម្រាប់ផ្គត់ផ្គង់ទីផ្សារនិងនាំចេញទៅប្រទេសវៀតណាម ហើយការស្នើសុំនេះមិនទទួលបានជោគជ័យនោះទេ។

សម្តេចតេជោ លើកឡើងថា កាលពីម្សិលមិញមានសំណើររបស់ក្រុមហ៊ុនមួយបានបញ្ជូនមកខ្ញុំ ហើយខ្ញុំក៏បានចារទៅឱ្យឯកឧត្តមវេងសាខុនពិភាក្សាជាមួយឯកឧត្តមប៉ានសូរស័ក្តិអំពីការស្នើសុំនាំចូលជ្រូករស់ពីប្រទេសថៃចំនួន១លានក្បាលចូលមកក្នុងប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់នៅកម្ពុជានិងនាំចេញទៅវៀតណាម។

សម្តេច តេជោ ហ៊ុនសែនមានប្រសាសន៍ថា« ខ្ញុំគ្រាន់តែចារទៅឱ្យអ្នកបច្ចេកទេសសិក្សានោះទេ។ ប៉ុន្តែគំនិតរបស់ខ្ញុំ កុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វនៅក្នុងប្រទេសរបស់ខ្លួន។ខ្ញុំមិនយល់ស្របនិងចំណុចឬសំណើរនេះទេ។បើយើងត្រូវនាំចូលយើងនាំចូលតែចំណុចដែលខ្វះ ១៨% បើយើងខំចិញ្ចឹមឱ្យគ្រប់តម្រូវការគឺយើងមិនចាំបាច់នាំចូលពីគេនោះទេ»។
សម្តេចសង្គត់ធ្ងន់ដូច្នេះថា«ខ្ញុំអត់យល់ថាកាលពីម្សិលមិញនេះ មានក្រុមហ៊ុនមួយមានបំណងនាំចូលជ្រូករស់ដល់១លានក្បាល អីចឹងបើខ្ញុំចារយល់ព្រម ច្បាស់ណាស់ថា ខ្ញុំជាអ្នកសម្លាប់កសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងតែម្តង ខណៈពេលដែលខ្លួនដើរប្រកាសប្រាប់កសិករឱ្យចិញ្ចឹមជ្រូក។អីចឹងបានជាយើងខំយកឱកាសនេះខិតខំចិញ្ចឹមផ្គត់ផ្គង់ឱ្យខ្លួនឯងឱ្យគ្រប់ រួចហើយបើមានតម្រូវការនាំចេញគឺយើងចូលរួមនាំចេញទៅឱ្យទីផ្សារនៅក្រៅប្រទេសថែមទៀត។ទីផ្សារនៅក្រៅប្រទេសដូចជានៅហុងកុង សិង្ហបុរី គាត់ត្រូវសាច់សម្រាប់ផ្គត់ផ្គង់ ព្រោះនៅប្រទេសអត់មានកន្លែងចិញ្ចឹមសត្វ គាត់ត្រូវការនាំចូល។អីចឹងទេយើងជំរុញការនាំចេញត្រឡប់ទៅវិញ»។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩កន្លងទៅនេះវិស័យកសិកម្មបានចូលរួមចំណែកប្រមាណជាង២៨%នៃផលិតផលសរុបក្នុងស្រុកក្នុងនោះផ្នែកដំណាំបានចូលរួមចំណែកជាង៦៧%, ផលិតកម្មសត្វ១១%, ផ្នែកជលផល២៤%,ផ្នែកព្រៃឈើជាង៦%។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផលិតកម្មសត្វសម្រេចបានជាង៤៥លានក្បាល កើនឡើងលើសឆ្នាំជាង៣% ជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានជាង២៣ម៉ឺនតោនស្មើនឹង៨២%នៃតម្រូវការសាច់សរុបប្រមាណ២៩ម៉ឺនតោននៅក្នុងឆ្នាំ។ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មមានការកើនឡើងប្រមាណ៣៧%ប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបទពីការចិញ្ចឹមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្មដែលធ្វើឱ្យកំណើននៃប្រាក់ចំណូលខ្ពស់»៕
ចែករំលែកព័តមាននេះ