សហរដ្ឋអាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៤កក្កដាបានបង្កើនថែមទៀត ការគាបសង្កត់ លើប្រទេសចិន ដោយប្រកាសពីការបញ្ចប់របបសេដ្ឋកិច្ចដែលមានការអនុគ្រោះពីសំណាក់អាមេរិកដល់ក្រុងហុងកុង និងដោយចុះហត្ថលេខា លើច្បាប់មួយដែលគ្រោងដាក់ទណ្ឌកម្ម ប្រឆាំងការបង្ក្រាបក្នុងដែនដីចិននោះ។ វិធានការទាំងនោះជាការឆ្លើយតបចំពោះការដាក់ ឲ្យប្រើច្បាប់ចិនស្ដីពីសន្តិសុខជាតិនៅហុងកុង។
ក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាមេរិកថ្លែងថា ពេលនេះខ្ញុំបានចុះហត្ថលេខា លើច្បាប់មួយនិងក្រិត្យមួយ ប្រឆាំងចិនមកពីការគាបសង្កត់របស់ចិនលើប្រជាជនហុងកុង។ ក្នុងសន្និសីទសារព័ត៌មាននោះ លោកក៏បានវាយប្រហារជាច្រើនលើក ចំពោះគូប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតី នាខែវិច្ឆិកាខាងមុខនេះគឺអ្នកប្រជាធិបតេយ្យ លោកJOE BIDEN។
ក្រិត្យនោះដែលខ្លឹមសារមិនបានចេញផ្សាយ បានបញ្ចប់ការផ្ដល់ភាពអនុគ្រោះសេដ្ឋកិច្ចសម្រាប់ហុងកុង។ លោកថាហុងកុងពេលនេះនឹងចាត់ទុកដូចចិន ពុំមានអភ័យឯកសិទ្ធិពិសេស លែងចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេស និងលែងមានការនាំចេញបណ្ដាបច្ចេកវិទ្យារសើបនានាទៅទីនោះទៀតហើយ។ លោកបន្តថាលោកពុំមានចេតនាណាមួយជួបជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីងដើម្បីសម្រាលភាពតានតឹងឡើយ។ លោកត្រាំយល់ថា ការត្រួតត្រារបស់ចិនលើហុងកុង កំណត់ពីការបញ្ចប់អំណាចសេដ្ឋកិច្ច របស់ដែនដីអតីតអាណានិគមអង់គ្លេសនោះ។
យើងបាត់បង់គូប្រកួតប្រជែងដ៏ខ្លាំងមួយ។ លោកព្យាករណ៍ថាបណ្ដាអ្នកប្រាជ្ញហុងកុងនឹងដកខ្លួនថយ។ សេរីភាពរបស់ពួកគេត្រូវដកហូត ដូច្នេះមនុស្សជាច្រើននឹងចាកចេញពីហុងកុង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ