ខេត្តបន្ទាយមានជ័យ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព តាមបន្ទាត់ព្រំដែន កាន់តែប្រសើរឡើងនោះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តី៍ការពារព្រំដែននៃវរសេនាតូចទាំង០៤ គឺវរសេនាតូចការពារព្រំដែនគោកលេខ៨៩១, ៩១១, ៨០៧និង៨១៥ ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន ក៏ដូចជាការទប់ស្កាត់នូវការលួចឆ្លងដែនរបស់ពលករខ្មែរចូលទៅរកការងារធ្វើប្រទេសថៃដោយខុសច្បាប់។

មានមតិសំណេះសំណាល ក៏ដូចដាក់ផែនការមួយចំនួនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤នាឱកាសនោះ ។ លោកឧត្តមាសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងតួនាទីការពារព្រំដែន ក៏ដូចជាការសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងដែនភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ពិសេសគឺបានល្បាតត្រួតពិនិត្យជាប្រចាំតាមព្រំដែន ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់។

ជាមួយគ្នានោះដែរ ស្នងការរនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោអាត់ ខែម បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវខិតខំពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន ការលួចនាំចូលនូវទំនិញខូចគុណភាព និងទប់ស្កាត់ពលករខ្មែរយើងដែលចាញ់បោកលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដែលពេលនេះប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយនៅមិនទាន់ការការបើកច្រកព្រំដែននោះនៅឡើយ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងមានកិច្ចសហការជាមួយល្អជាមួយអាជ្ញាធរ និងបណ្តាកងកម្លាំងនៅតាមព្រំដែននិងមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងនៃប្រទេសជិតខាង ដើម្បីឲ្យព្រំដែននៃប្រទេសយើងទាំង២ ជាព្រំដែនសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។ នាឱកានោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចែកសារុងម្នាក់មួយដល់កងកម្លាំងនគរបាលដែលបានចូលរួមប្រជុំនោះផងដែរ៕





ចែករំលែកព័តមាននេះ