វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាន់ជំហររឹងមាំលើប្រទេសចិននៅពេលដែលគាត់ព្យាយាមទប់ទល់នឹងជំងឺឆ្លងកូវីដ ១៩ នេះបាននិយាយនៅថ្ងៃអង្គារ៍ទី ១៤ ខែកក្កដាថា គាត់បានចុះហត្ថលេខាលើច្បាប់ និងបទបញ្ជាប្រតិបត្តិដើម្បី ឲ្យចិនទទួលខុសត្រូវចំពោះច្បាប់សន្តិសុខជាតិដែលគាបសង្កត់ខ្លាំងក្លា ដែលចិនបានដាក់លើហុងកុង។
លោកត្រាំ ដែលកំណត់យកថ្ងៃអង្គារជាថ្ងៃកំណត់ចុងក្រោយនោះ បានចុះហត្ថលេខាលើវិក័យប័ត្រដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មធនាគារដែលធ្វើជំនួញជាមួយមន្ត្រីចិនដែលអនុវត្តច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំងនៅលើហុងកុង។
ត្រាំបាននិយាយថា លោកក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលមានគោលបំណងបន្តដាក់ទណ្ឌកម្មចិនចំពោះអ្វីដែលលោកហៅថាជាសកម្មភាពគាបសង្កត់ប្រឆាំងនឹងហុងកុង ។ លោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ខ្លួននឹងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មដែលហុងកុងបានទទួលជាច្រើនឆ្នាំមកហើយ – គឺគ្មានឯកសិទ្ធិសេដ្ឋកិច្ចពិសេស និងគ្មានការនាំចេញបច្ចេកវិទ្យាណាដែលរសើប ។
លោកបាននិយាយថា « ឥឡូវនេះហុងកុងនឹងត្រូវបានទទួលដូចគ្នានឹងប្រទេសចិនដីគោកដែរ» ។ យោងទៅតាមសន្លឹកអង្គហេតុនៃសេតវិមានបទបញ្ជាប្រតិបត្តិរួមមាន ការដកហូតការអនុគ្រោះពិសេសសម្រាប់អ្នកកាន់លិខិតឆ្លងដែនហុងកុង។
លោកត្រាំ និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo ដែលបានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នានៅសេតវិមានកាលពីថ្ងៃអង្គារ៍បានស្តីបន្ទោសប្រទេសចិនចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ – ដែលចិនបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់នេះ និងលោកត្រាំនិងដៃគូក៏បានរិះគន់ក្រុងប៉េកាំងចំពោះការបង្ក្រាបរបស់ខ្លួននៅហុងកុង ។
ទីក្រុងហុងកុង ដែលជាទឹកដីអតីតអាណានិគមរបស់អង់គ្លេសត្រូវបានប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងឡើងវិញនៅឆ្នាំ ១៩៩៧ ដោយមានច្បាប់ការពារសេរីភាពខាងការបញ្ចេញមតិ ការប្រមូលផ្តុំនិងសារព័ត៌មានរហូតដល់ឆ្នាំ ២០៤៧ ។
យ៉ាងណាមិញ បញ្ញាតិ ដែលលោក ត្រាំ បានចុះហត្ថលេខាអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីចិននិងអ្នកផ្សេងទៀតដែលជួយរំលោភលើស្វ័យភាពរបស់ហុងកុងនិងស្ថាប័នហិរញ្ញវត្ថុដែលធ្វើជំនួញជាមួយអ្នកដែលរកឃើញថាបានចូលរួមក្នុងការបង្ក្រាបណាមួយលើទីក្រុងហុងកុង ។
លោក ត្រាំ ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយសម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃទី ៣ ខែវិច្ឆិកាហើយការគ្រប់គ្រងរបស់លោកចំពោះជំងឺរាតត្បាតហាក់មិនទទួលបានការគាំទ្រ និងភាពមិនកក់ក្តៅពីសំណាក់ជនជាតិអាមេរិក។
ជុំវិញរឿងជំងឺកូវីដ ១៩ លោកត្រាំ បានស្តីបន្ទោសប្រទេសចិនជាច្រើនលើកថាចិនមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ៕
ចែករំលែកព័តមាននេះ