ចិន ៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ នៅខេត្តក្វាងស៊ី ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីដើមឆ្នាំនេះ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) បន្ទាប់ពីបាននៅផ្ទះពេលមានការផ្ទុះកូវីដ១៩ ហើយពួនសម្ងំលេងហ្គេមយូរពេក ខណៈដែលប្រាប់ម្តាយឪពុកថា នៅរវល់រៀនអនឡាញ។ នេះយោងតាមប្រភពព័ត៌មាន Shanghaiist ។

ជាមួយនឹងការរាតត្បាតជំងឺកូវីដ១៩ ដែលបណ្តាលឱ្យសាលារៀននៅទូទាំងប្រទេសចិនត្រូវបានបិទនៅក្នុងខែកុម្ភៈ ក្មេងជំទង់ឈ្មោះ Xiaobin បានចំណាយពេលស្ទើរតែពេញមួយថ្ងៃ នៅខាងក្នុងបន្ទប់គេង ដោយបិទទ្វារ និងបង្អួច រួចនៅលេងហ្គេមកុំព្យូទ័រ។
នៅពេលឪពុកម្តាយឆ្ងល់ គាត់បានប្រាប់ថា នៅខិតខំរៀនតាមអនឡាញ ដែលតម្រូវឱ្យនៅក្នុងបន្ទប់មុខអេក្រង់កុំព្យូទ័រ។ ប៉ុន្តែតាមការពិតទៅ គាត់បានប្រើរាល់ម៉ោងដែលភ្ញាក់ពីគេង ដើម្បីលេងហ្គេមដែលជារបៀបរស់នៅមិនល្អ ដែលបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន បន្ទាប់ពីមួយខែ។

Xiaobin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Nanning បន្ទាប់ពីគាត់ដួលទៅនឹងឥដ្ឋ។ នៅពេលគាត់ភ្ញាក់ឡើង គាត់មិនអាចរើដៃ ឬកំរើកដៃរបស់គាត់បានទេ។ គ្រូពេទ្យបានកំណត់ថា គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល។

វេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺដាច់សរសៃឈាមខួរក្បាល ទំនងជាបណ្តាលមកពីរបៀបរស់នៅរបស់ Xiaobin ដែលមានការធ្វើលំហាត់ប្រាណតិចតួច កង្វះអាហាររូបត្ថម្ភ និងដំណេក។ ម្តាយរបស់គាត់ បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានរកឃើញថា កូនប្រុសគេងបានត្រឹមតែ២ម៉ោងប៉ុណ្ណោះក្នុងមួយយប់។

នាពេលនេះ ក្មេងជំទង់ Xiaobin កំពុងតែហាត់ធ្វើកាយវិការឡើងវិញ បើទោះបីជាមិនដឹងថាអាចដូចដើមវិញឬអត់នោះទេ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ