រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ មានក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍ លើការអភិវឌ្ឍបន្លែសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រុមហ៊ុនទាំងនោះ ក៏សម្រេចចងមេត្រីជាមួយកម្ពុជាដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការផងដែរ ។

យោងតាមខ្លឹមសារនៃសេចក្តីថ្លែងហេតុបានបង្ហាញពីគោលបំណងសំខាន់ៗនៃឯកសារអនុស្សរណនេះដូចជា ទី១ – ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។ ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ ។ ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ ) និងការប្រើប្រាស់ធាតុចូល ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការចុះអនុស្សរណរវាងភាគីកម្ពុជានិងជប៉ុននាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ និងការចាប់យកកាលានុវត្តភាព ។

លោករដ្ឋមន្ត្រីបានបន្តថា « គោលបំណងសំខាន់ៗ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ ។
ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី «កសិករ ទៅជាកសិ-ពាណិជ្ជករ» វិញ ។
លោកសង្ឃឹម និងជឿជាក់ថាគម្រោងវិនិយោគដែលមានការចូលរួមពីវិនិយោគិនជប៉ុន នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរទំនើបនិងមាន ប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា« Product of Cambodia» ។

លោកបណ្ឌិត Nabeshima តំណាងឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានអោយដឹងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែន ការនេះ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅក្នុងពេលកូវីដ១៩នេះរីករាលដាលប្រទេសនៅលើពិភពលោកបានកាត់បន្ថយនូវតម្រូវការជាច្រើនដូចជាការស្លៀកពាក់ ដើរហើរ និងរបស់របរប្រើប្រាស់ជាច្រើន ក៏ប៉ុន្តែអ្វីដែលមិនប្រែប្រួលនោះ គឺការហូបចុករបស់ច្រកក្រពះ ហើយក្នុងនាមជាប្រទេសកសិកម្ម កម្ពុជាសូមចូលរួមក្នុងការរួមចំណែកផ្គត់ផ្គង់ស្បៀងចំណីអាហារទៅពិភពលោកក្នុងពេលកំពុងមានវិបត្តិដោយសារតែជំងឺឆ្លងរាតត្បាតនេះ ៕
ចែករំលែកព័តមាននេះ