រាជធានីភ្នំពេញ ៖ រាត្រីឈានមកដល់ គេឃើញក្មេងស្ទាវ២ក្រុមមានគ្នាលើសពី១០នាក់បានវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ផ្អើលកោះពេជ្រ ។ ខណៈដែលមានការប្រទូស្តរ៉ាយគ្នាយ៉ាងក្រពុលមុខនេះ មានកាំបិតប៉័ងតោមួយបានហោះមក ត្រូវកប៉ូលិសម្នាក់ដែលកំពុងឈរក្បែរនោះហូរឈាមកក្លាក់ ។

ដោយសារតែមានការប្រដេញវាយគ្នាដូចហ្វូងគោដេញជល់ ទើបកម្លាំងនគរបាលនិងក្រុមសន្តិសុខប្រចាំការនៅទីនោះឃើញទាន់ ក៏ចាប់ផ្តើមបិទផ្លូវធ្វើការឡោមព័ទ្ធ ខ្ចប់បានក្រុមស្ទាវចំនួន១៤នាក់ បញ្ជាឱ្យក្រាបផ្កាប់មុខដើម្បីត្រួតពិនិត្យលើរាងកាយដើម្បីរកអាវុធ ។
ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលម្នាក់ កំពុងតែឈរយាមនៅចំណុចកោះពេជ្រ ក៏ស្រាប់តែមានកាំបិតប៉័ងតោមួយមិនដឹងជាមកពីណា បានហោះមកត្រូវករបស់លោកបណ្តាលឱ្យមុតរងរបួសហូរឈាមកក្លាក់ ។

ភ្លាមនោះក៏មានការភ្ញាក់ផ្អើលកើតឡើងថា មានក្រុមក្មេងស្ទាវដេញវាយតប់គ្នា ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសន្តិសុខយាមនៅកោះពេជ្រ សហការជាមួយកម្លាំងនគរបាល ខណ្ឌចំការមន ធ្វើការបិទច្រកចេញចូលនិងឡោមព័ទ្ធចាប់ឃាត់ខ្លួនបានក្រុមយុវជនស្ទាវសង្ស័យ១៤នាក់ និងម៉ូតូ៩គ្រឿង ដោយប្រមូលបានកាំបិតប៉័ងតោ១ និងដុំថ្មជាច្រើនដុំ ។

ប្រភពដដែល បានប្រាប់បន្តទៀតថា ក្រុមក្មេងស្ទាវទាំង១៤នាក់ ដែលបានចាប់ខ្លួនក៏បាននាំមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ទាំងយប់ដើម្បីធ្វើការសាកសួរ ។ តាមការសួរចម្លើយអស់រយៈពេលជាច្រើនម៉ោង ពួកគេសុទ្ធតែអះអាងថាមិនជាប់ពាក់ព័ន្ធ និងមិនដឹងរឿង គឺឆ្លើយថាមិនដឹងទាំងអស់ដូចនាំគ្នាឆ្លើយយករួចខ្លួន ។ ចំណែកមន្ត្រីនគរបាលរងគ្រោះ ក៏មិនបានស្គាល់ច្បាស់ពីម្ចាស់កាំបិតប៉័ងតោ ដែលហោះមកត្រូវករបស់ខ្លួនធ្វើឱ្យរងរបួសនោះទៀតផង ។

ដោយប្រការឃ្សុយនេះហើយ ទើបធ្វើការអនុញ្ញាតឱ្យពួកគេទាំងអស់បានរួចខ្លួនវិលត្រឡប់ទៅផ្ទះវិញនាយប់ថ្ងៃដដែល ក្រោយធ្វើការអប់រំណែនាំដុសក្អែលរួចរាល់ ។ ចំណែកប៉ូលិសរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរព្យាបាលរបួសទៅ ៕
ចែករំលែកព័តមាននេះ