រាជធានីភ្នំពេញ ៖ «កសិទេសចរណ៍» និងការចិញ្ចឹមសត្វតាមបែបអ្នកតំបន់ភ្នំ បង្កើតអត្តសញ្ញាណថ្មីនៃម្ហូបអាហារប្រចាំតំបន់ និងបង្ហួតបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់របស់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានដណ្តើម យកឧត្តមភាពនៃការប្រកួតប្រជែងខាងផ្នែកទេសចរណ៍ ។ នេះបើតាមការបញ្ជាក់របស់អភិបាលស្រុក ។

យោងតាមបណ្តាញសង្គមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីដែលជាស្រុក មួយស្ថិតក្នុងខេត្តសៀមបានបញ្ជាក់ថាថ្ងៃនេះ សុំលើកយកពីហេតុផលដែលធ្វើឲ្យរដ្ឋបាលស្រុក បន្ទាយស្រីចង់ជម្រុញការងារកសិទេសចរណ៍បន្តិច តែសូមផ្តោតជាពិសេសលើការចិញ្ចឹមសត្វវិញម្តង ។ លោកបន្តថា បើធៀបជាមួយនឹងក្រុងសៀមរាប ដែលជាតំបន់ទំនាបកណ្តាល អ្នកបន្ទាយស្រីអាចចាត់ទុកថា ជាអ្នកលើ រឺអ្នកភ្នំ ចំណែកឯអ្នករស់នៅតាមបឹងទន្លេសាប អាចហៅថាអ្នកក្រោម រឺអ្នកទន្លេ ។

ការសិក្សាពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្របង្ហាញថា ទំនៀមទម្លាប់របស់ពួកគាត់ទាំងពីរក្រុមនេះមានលក្ខណៈខុសគ្នាឆ្ងាយណាស់ ជាពិសេសទៅលើការប្រកបរបរចិញ្ចឹមជីវិត ដោយអ្នកទន្លេពឹងផ្អែកខ្លាំងទៅលើការនេសាទ និងវារីវប្បកម្ម ចំណែកឯអ្នកតំបន់ភ្នំច្រើនផ្តោតលើការធ្វើចម្ការ និងការចិញ្ចឹមសត្វទៅវិញ ។ ហេតុដូច្នេះហើយបានជាខ្ញុំយល់ឃើញថា អ្នកបន្ទាយស្រីគួរផ្តោតយកចិត្តទុកដាក់ទៅលើមុខរបរដែលអាចផ្តល់ភាពមាន ប្រៀបដោយកត្តាអំណោយផលពីធម្មជាតិដែលមានស្រាប់ ជាជាងប្រឹងជម្នះ និងប្រដូចខ្លួនទៅនឹងតំបន់ដទៃ ព្រោះការសម្របខ្លួនទៅតាមលក្ខខណ្ឌធម្មជាតិ ងាយស្រួលនឹងទទួលបានឧត្តមភាពប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស ។

លោកក៏បានអះអាងថា ស្ថានភាពភូមិសាស្ត្រនៃស្រុកបន្ទាយស្រីស័ក្តិសមនឹងការធ្វើចម្ការ និងការចិញ្ចឹមសត្វយ៉ាងខ្លាំង ប៉ុន្តែបន្ទាយស្រីក៏ជាស្រុកដែលមានសក្តានុពលធំខាងផ្នែកទេសចរណ៍មួយដែរ ដូច្នេះហើយប្រជាកសិករនៅក្នុងស្រុកគួរចាប់យកការចិញ្ចឹមសត្វប្រភេទណា ដែលចំនេញផង និងបម្រើអោយវិស័យទេសចរណ៍ផង ។ កន្លងមក «ការចិញ្ចឹមមាន់ស្រែ» បានបង្កើតទីផ្សារយ៉ាងធំទូលាយរួចមកហើយដល់កសិករនៅក្នុងស្រុក ហើយការងារនេះក៏នឹងនៅតែបន្តផងដែរ ក៏ប៉ុន្តែខ្ញុំពិតជាចង់ឃើញរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា មានចំនុចខ្លាំងខាងផ្នែកម្ហូបអាហាររបស់ខ្លួនផ្សេងៗ គ្នាទៅតាមតំបន់នីមួយៗ មិនមែនទៅកន្លែងណាក៏មានតែ«មាន់ដុត» ដូចៗគ្នានោះទេ ។

ជាឧទាហរណ៍ «ជ្រូកកណ្តុរ» គឺជាប្រពៃណីចិញ្ចឹមសត្វមួយរបស់អ្នកភ្នំគូលែន ដោយយកជ្រូកស្រុកបង្កាត់នឹងជ្រូកព្រៃ រួចហើយចិញ្ចឹមនៅក្នុងព្រៃមុននឹងយកវាមក ធ្វើជាម្ហូបអាហារ ហើយជ្រូកកណ្តុរមានរសជាតិគួរអោយទាក់ទាញខ្លាំងណាស់ ថែមទាំងមានតម្រូវការច្រើន និងតម្លៃទីផ្សារខ្ពស់ទៀតផង ។

ក្រៅពីនេះ គេសង្កេតឃើញការ ចិញ្ចឹមសត្វប្រភេទខ្លះទៀត ក៏មានភាពសមស្របខ្លាំងនឹងតំបន់ចម្រាក់ភ្នំដែរ ដូចជាការចិញ្ចឹម សត្វពពែ រឺសត្វចៀមជាដើម ព្រោះតំបន់ទាំងនេះពិបាកក្នុងការដាំដំណាំរឺធ្វើចម្ការ ។ លោកបញ្ជាក់ថា៖«រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រក្រោមរូបភាពផ្សេងៗ ក៏ដូចជា សហការជាមួយអង្គការដៃគូនានា ផ្តល់ជាជំនួយជំនាញបច្ចេកទេស ស្វែងរកទីផ្សារ និងផ្សព្វផ្សាយអោយបានទូលំទូលាយជូនកសិករទាំងឡាយណាដែលចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វប្រភេទទាំងនេះផងដែរ» ។
លោកបន្ថែមថា ភាពប្លែកបង្កើតភាពទាក់ទាញ ដែលជាហេតុផលចម្បងដែលជំរុញអោយមានការរីកលូតលាស់នៃវិស័យទេសចរណ៍ ហើយបើយើងអាចបង្កើតភាពទាក់ទាញនៅក្នុងតំបន់នីមួយៗបាននោះវានឹងផ្តល់ហេតុផលរឹតតែច្រើនឲ្យ អ្នកទេសចរដែលមកកាន់ខេត្តសៀមរាបទៅទស្សនាតំបន់ផ្សេងៗគ្នានៅក្នុងខេត្ត ។
លោកអភិបាលស្រុកបានគូសបញ្ជាក់ថា «យើងសង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានអត្តសញ្ញាណនៃម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់នីមួយៗច្បាស់លាស់ ដើម្បីបម្រើឲ្យភាពសម្បូរបែបនៃវិស័យទេសចរណ៍ ហើយយើងនឹងអាចនាំគ្នានិយាយថា «តោះ! ទៅញាំជ្រូកកណ្តុរនៅបន្ទាយស្រី! តោះ! ទៅញាំពពែអាំងនៅជើងភ្នំគូលែន!» ដូចដែលយើងធ្លាប់និយាយថា «តោះ! ទៅញ៊ាំក្តាមនៅកំពត!» រឺ «តោះ! ទៅញ៊ាំនំបញ្ចុកនៅព្រះដាក់!»ដូច្នោះដែរ»៕
ចែករំលែកព័តមាននេះ