អាមេរិក ៖ លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងរបស់អាមេរិក បានមានប្រសាសន៍ថា លោកសង្ឃឹមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអង្គការសុខភាពពិភពលោក (WHO) អាចនឹងមានភាពប្រសើរឡើងវិញ ដោយមានប្រសាសន៍ថា ពិភពលោកត្រូវការអង្គការសុខភាពពិភពលោក។ នេះបើយោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ «ពួកគេជាអង្គការដែលមិនល្អឥតខ្ចោះទេ។ ពួកគេបានធ្វើខុស ប៉ុន្តែខ្ញុំចង់ឃើញកំហុសត្រូវបានកែតំរូវ ហើយដើម្បីឱ្យពួកគេត្រូវគ្នាទៅនឹងអ្វីដែលយើងត្រូវការ»។
លោកបានបន្តថា៖ «ខ្ញុំសង្ឃឹមថា ភាពតានតឹងប្រភេទនេះ រវាងសហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោក ដោយវិធីណាមួយ ឬផ្សេងទៀត អាចទីបំផុតត្រូវបានដោះស្រាយតាមលក្ខណៈអំណោយផល ពីព្រោះពិភពលោកត្រូវការអង្គការសុខភាពពិភពលោក សម្រាប់ការផ្ទុះឡើងបែបនេះ និងសុខភាពទូទៅរបស់ពិភពលោក»។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកអស់រយៈពេល៤០ឆ្នាំមកហើយ ហើយលោកគិតថា មានមនុស្សល្អនៅក្នុងអង្គការនេះ រួមទាំងអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ