ព្រឹកនេះ! អាជីវករផ្សាររុងក្លឿចូលទឹកដីថៃជាលើកដំបូង ក្រោយបិទព្រំដែន (វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដូចអ្វីដែលអាជ្ញាធរខត្តបន្ទាយមានជ័យស្នើរសុំទៅភាគីថៃកន្លងមកហើយ នាព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០នេះអាជ្ញាធរខេត្តស្រះកែវ-ថៃក៏បានអនុញ្ញាតឲ្យអាជីវករខ្មែរចូលទៅពិនិត្យមើលទំនិញឬអាចដឹកចេញមកវិញបាន ប៉ុន្តែមានកំណត់តាមឈ្មោះផ្សារ ។

មនុស្សចំនួន៦៨នាក់ជាមួយរថយន្តចម្រុះរបស់អាជីវករខ្មែរ៣៩គ្រឿងនាព្រឹកនេះត្រូវភាគីថៃអនុញ្ញាតឲ្យចូលទៅផ្សារបេនចាវ៉ាន់ ដើម្បីពិនិត្យទំនិញតាមតូបរៀងៗខ្លួន តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងទេ ព្រោះមួយរយៈចុងក្រោយនេះភ្លៀងបានធ្លាក់ញឹកញាប់ ។

តាមមន្ត្រីបំរើការងារនៅទីតាំងទទួលពាក្យស្នើសុំចូលផ្សាររុងក្លឿនៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត បានប្រាប់ថា តាមគោលការណ៍របស់ថៃគេអនុញ្ញាតឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿមានកំណត់គឺ១ថ្ងៃរថយន្ត៥០គ្រឿងមនុស្ស១០០នាក់ ពោលគឺរថយន្ត១គ្រឿងមនុស្ស២នាក់(អ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់)។

មន្ត្រីខាងលើបានបន្តថា ការចូលទៅទីនោះក៍ត្រូវតាមគោលការណ៍គេតម្រូវផងដែរដូចថ្ងៃនេះតែម្តងចំផ្សារបេនចាវ៉ាន់ ក្រៅពីអាជីវករផ្សារបេនចាវ៉ាន់មិនអាចចូលបានទេព្រោះគេមិនអនុញ្ញាតឲ្យដើររហេតរហូតឡើយ ។ ចំពោះអាជីវករដែលលក់នៅទីតាំងផ្សារផ្សេងៗទៀតដូចជាផ្សារអិនឌូចិន, ផ្សារហ្គោលដឹនក្រែន, ផ្សារអ,ប,ច ផ្សាររ៉ាត់តាន់ណាក់ថាំ និងផ្សារដែតថៃត្រូវទៅបំពេញបែបបទស្នើសុំនៅទីតាំងខាងលើ(ស្ថានីយ៍រថភ្លើងក្នុងភូមិប៉ោយប៉ែត)ជាបន្តបន្ទាប់ចាប់ពីថ្ងៃនេះតទៅពោលគឺមុនថ្ងៃចូលដីថៃ១ថ្ងៃ។

មន្ត្រីខាងលើបានបន្តទៀតថា មុនពេលកំណត់ម៉ោង៨ព្រឹក ដែលភាគីថៃអនុញ្ញាតឲ្យរថយន្តអាជីវករខ្មែរចូលទៅដីថៃ គេឃើញលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអមដោយមន្ត្រីនិងសមត្ថកិច្ចនៅមាត់ច្រកទ្វារជួបនិងជួយសម្រួលការងារដោះស្រាយជូនពលរដ្ឋ ហើយក៍មានវត្តមានអភិបាលស្រុកអារញ្ញអមដោយមន្ត្រីនិងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិខ្លងលឹកជួបចាប់ដៃគ្នាដើម្បីស្វាគមន៍អាជីវករខ្មែរផងដែរ។

លោកង៉ោ ម៉េងជ្រួន ប្រាប់អ្នកយកព័ត៍មានថា កន្លងមកភាគីថៃតម្រូវឲ្យអាជីវករខ្មែរចូលទៅពិនិត្យទំនិញបានត្រឹមតែមនុស្ស១០០នាក់ជាមួយរថយន្ត៥០គ្រឿងក្នុងមួយថ្ងៃប៉ុន្តែថ្មីៗនេះអាជ្ញាធរខេត្តនិងក្រុងប៉ោយប៉ែតបានស្នើរសុំភាគីថៃបន្ថែមចំនួនមនុស្សពីរថយន្ត១គ្រឿង២នាក់ទៅរថយន្ត១គ្រឿងមនុស្ស៤ទៅ៥នាក់ ដើម្បីសម្រួលដល់អ្នកគ្មានរថយន្តចូលទៅទឹកដីថៃ ប៉ុន្តែភាគីថៃមិនទាន់មានកាឆ្លើយតបនៅឡើយទេ។

ឆ្លើយតបនិងបញ្ហាមួយចំនួនដែលមានគេបង្ហោះហ្វេសប៊ុកថា ចង់ចូលទៅទឹកដីថៃបានលឿនត្រូវបង់ប្រាក់ម្នាក់១០០០បាតឬ២០០០បាត អភិបាលរងខេត្តរូបនេះបានធ្វើការបដិសេធថា មិនមែនជាកាពិតឡើយ ដោយលោកបញ្ជាក់ថា នៅទីតាំងទទួលសំណើរបស់គណៈកម្មការចំណុចស្ថានីយរថភ្លើងក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុមមន្ត្រីបំពេញបែបបទជូនពលរដ្ឋជាអាជីវករផ្សាររុងក្លឿ ដោយមិនតម្រូវឲ្យយកប្រាក់មួយរយរៀលឡើយ។

មិនតែប៉ុណ្ណោះលោកបញ្ជាក់ថាសូម្បីអ្នកដែលមានលិខិតឆ្លងដែន, ប័ណ្ណព្រំដែនឬកាតឆ្លងដែនដែលផុតសុពលភាពក៍អាចចូលទៅពិនិត្យទំនិញបានដែរ ព្រោះអាជ្ញាធរខេត្តស្រះកែវ-ថៃបានឯកភាពតាមសំណើរសុំរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យហើយ ប៉ុន្តែត្រូវបំពេញបែបបទជាមុន។

តាមការសាកសួរផ្ទាល់មុនចេញដំណើរពីកម្ពុជា អាជីវករភាគច្រើននិយាយថានឹងមិនដឹកទំនិញចេញមកទឹកដីកម្ពុជាវិញទេ គឺពួកគាត់ត្រឹមតែទៅពិនិត្យមើលទំនិញតាមតូបរៀងៗខ្លួនតែប៉ុណ្ណោះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)












ចែករំលែកព័តមាននេះ