ចិន ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសចិន ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ដែលបានបំផ្លាញផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ខណៈដែលប្រទេសនេះ កំពុងតែខំប្រឹងស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារតែការរាតត្បាតរបស់ជំងឺកូវីដ១៩។ នេះបើយោងតាមប្រភពព័ត៌មានពី CNN បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។

ចាប់តាំងពីខែមិថុនា ទឹកជំនន់បានជះឥទ្ធិពលដល់ប្រជាជន ៣៨លាននាក់ ដែលមានចំនួនច្រើនជាងចំនួនប្រជាជនកាណាដាទាំងមូល។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រជាជនប្រមាណ ២.២៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយមានមនុស្ស ១៤១នាក់បានបាត់បង់ជីវិត ឬបាត់ខ្លួនផងដែរ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរចិនបានបង្កើនការប្រុងប្រយ័ត្នទឹកជំនន់របស់ប្រទេសនេះ ដល់កម្រិតខ្ពស់បំផុតទី២ នៅក្នុងប្រព័ន្ធឆ្លើយតបនឹងភាពអាសន្នបួនជាន់។ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានពណ៌នាពីស្ថានភាពនៃការគ្រប់គ្រងទឹកជំនន់ថា ជាសភាពធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យមានវិធានការរឹងមាំនិងប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។

គ្រោះមហន្តរាយ ដែលកំពុងកើតឡើងនេះ បានកើតឡើង នៅពេលដែលប្រទេសចិនកំពុងតែរងទុក្ខដោយសារជំងឺកូវីដ១៩។ ការរាតត្បាតដោយជំងឺកូវីដ១៩ និងការបិទទ្វាររយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ GDP បានធ្លាក់ចុះ ៦.៨% នៅក្នុងត្រីមាសទី១ ដែលជាការធ្លាក់ចុះដំបូង ដែលទីក្រុងប៉េកាំងបានរាយការណ៍ចាប់តាំងពីឆ្នាំ១៩៧៦។
ប្រទេសនេះបានសន្យាកាលពីខែឧសភាថា នឹងបោះប្រាក់ចំនួន ៣.៦ពាន់ពាន់លានយន់ (៥០០ពាន់លានដុល្លារ) នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន នៅឆ្នាំនេះ ក្នុងការកាត់បន្ថយពន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិធានការជម្រុញផ្សេងទៀត។

ទឹកជំនន់ទំនងជាធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនរួមមាន តំបន់ជាច្រើនដែលរងការវាយប្រហារដោយវីរុសនេះយ៉ាងធ្ងន់ធ្ងរ តែប៉ុន្មានខែបន្ទាប់ពីពួកគេបានចេញពីវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ