ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបោះបង្គោលកំណត់ព្រំជុំវិញភ្នំជើងព្រៃ ក្នុងស្រុកជើងព្រៃ ក្នុងរង្វង់៣០០ម៉ែត្រ ពីជើងភ្នំជាតំបន់អភិរក្ស ដោយមិនឱ្យមានការរំលោភបំពានពីបុគ្គលណាមួយនោះទេ ប្រយោជន៍ដើម្បីការពារប្រាសាទបុរាណ ។ ដោយសារទៅដីតំបន់នោះឡើងថ្លៃក៏មានម្ចាស់ដីម្នាក់នៅរាជធានីភ្នំពេញ បានស្នើសុំមកអាជ្ញាធរខេត្ត ដើម្បីសុំធ្វើប្លង់ប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់គ្រងដីនៅទីនោះ តែការស្នើសុំនេះបានប៉ះពាល់ដល់ដីអភិរក្សទើបមិនផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យនោះ។
លោកអូត ឈាងលី អភិបាល ស្រុកជើងព្រៃ បានរៀបរាប់ឲ្យដឹងថា ដោយសារតែមានការពាក់ព័ន្ធទៅនឹងដីនោះ ទើបរូបលោកក៏បានចូលរួមប្រជុំដើម្បីដោះស្រាយដោយធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ កក្កដា ២០២០ ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធនានាជុំវិញខេត្ត។
លោកអភិបាលស្រុកជើងព្រៃបន្តថា ដីនៅជើងភ្នំជើងព្រៃជុំវិញក្នុងរង្វង់៣០០ម៉ែត្រ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបោះបង្គោលថ្ម ព្រមទាំងឆ្លាក់ក្បាច់ផ្កាភ្ញីដើម្បីកំណត់ជាដីសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបានចុះបោះបង្គោលនៅក្នុងឆ្នា ២០១៩កន្លងទៅ ។ ដោយសារតែដីនៅតំបន់នោះ សព្វថ្ងៃទីផ្សារត្រូវបានឡើងថ្លៃ ព្រោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ជាច្រើនកើតឡើង ហើយក៏មានមនុស្សម្នាក់រស់នៅរាជធានីភ្នំពេញ ដែលមានដីនៅជិតភ្នំជើងព្រៃ ទំហំធំជាង៧ហិកតា ហើយក៏បានស្នើសុំមកអាជ្ញាធរស្រុកក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីសុំកម្មសិទ្ធិស្របច្បាប់(ធ្វើប្លង់រឹង) ។ ប៉ុន្តែអាជ្ញាធរមិនបានអនុញ្ញាតឲ្យនោះទេ ព្រោះដីបានចូលមកដីចំណីភ្នំជើងព្រៃដែលត្រូវអភិរក្សនោះ។
ក្នុងជំនាន់លោកគួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ម្ចាស់ដីលក់ក៏បានស្នើសុំធ្វើប្លង់ជាហូរហែដែរ ប៉ុន្តែមិនត្រូវបានស្ថាប័នជំនាញសុរិយោដីអនុញ្ញាតឲ្យនោះទេ។ថែមទាំងបានពឹងអ្នកនេះអ្នកនោះដើម្បីសុំអន្តរាគមន៍ចង់បានប្លង់ដីគ្រប់គ្រង តែនៅមិនបានដដែល។ លុះមកដល់អាណត្តិលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ម្ចាស់ដីដដែលនោះក៏បានស្នើសុំដើម្បីធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ដែរ។ រហូតមកដល់ព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០ មានកិច្ចប្រជុំពិគ្រោះពិភាក្សាជុំវិញការស្នើរបស់ម្ចាស់ដីសុំចុះបញ្ជីប្លង់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមួយកន្លែង ស្ថិតនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ លើទំហំផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ។
ចំណែកមន្ត្រីសាលាខេត្តវិញក៏បានឱ្យដឹងដែរថា ក្រោយកិច្ចប្រជុំពិគ្រោះពិភាក្សា លោកប្រធានគណៈកម្មការបានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យសម្រេច ព្រោះថាដីនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកសឹង ភារម្យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ប្រាប់ឱ្យដឹងដែរថា ក្នុងរង្វង់ដី៣០០ម៉ែត្រ ពីជើងភ្នំជើងព្រៃត្រូវបានក្រសួងវប្បធម៌ អភិរក្សដោយមិនឱ្យមានការរំលោភបំពានពីបុគ្គលណាម្នាក់នោះទេ ហើយទីនេះក៏ជាតំបន់រមណីយដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីមកលេងកម្សាន្តផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ