មិនថាមនុស្សម្នាក់ចូលចិត្តការងាររបស់ខ្លួនប៉ុនណាទេ មិនយូរប៉ុន្មានពួកគេក៏អាចធ្លាក់ក្នុងអារម្មណ៍ជាប់គាំងនៅមួយកន្លែង ឬពេលដែលអ្វីៗគ្រប់យ៉ាងកើតមានឡើងដដែលៗម្តងហើយម្តងទៀត ។ ពេលដែលអ្នកស្ថិតក្នុងស្ថានការនេះ អ្នកត្រូវតែធ្វើអ្វីមួយ តែវាស្ទើរតែមិនអាចទៅរួច ។ ខាងក្រោមគឺជាវិធីជំរុញទឹកចិត្តដែលអ្នកអាចអនុវត្តពេលដែលមានអារម្មណ៍ថាជាប់គាំងនៅមួយកន្លែង ៖

១. រកច្រកចេញ
បញ្ហានីមួយៗមានដំណោះស្រាយច្រើនណាស់ ទោះជាមិនមែនដំណោះស្រាយទាំងអស់ជាដំណោះស្រាយល្អពិតមែនក្តី ។ ប៉ុន្តែអ្នកត្រូវតែព្យាយាមរកច្រកចេញជាមុនសិន ។ អ្នកអាចសរសេរវាលើក្រដាស មិនថាវាជាគំនិតល្អ ឬអាក្រក់ទេ ។ អ្នកត្រូវធ្វើវាដើម្បីឲ្យខ្លួនដឹងថា អ្នកមានផ្លូវដើរជាច្រើនដើម្បីចាកចេញពីស្ថានការនេះ ។
២. ផ្លាស់ប្តូរទម្លាប់របស់អ្នក
ទោះជាទម្លាប់ខ្លះល្អសម្រាប់អ្នកពិតមែនក្តីដូចជាទម្លាប់ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃជាដើម ប៉ុន្តែការធ្វើអ្វីដដែលៗជារៀងរាល់ថ្ងៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកដូចជាមនុស្សយន្តទៅវិញ ។ អ្នកត្រូវតែផ្លាស់ប្តូរខ្លះដើម្បីចេញពីស្ថានការនេះ ។ អ្នកមិនចាំបាច់ធ្វើការផ្លាស់ប្តូរធំៗទេ គ្រាន់តែដើរស្រូបខ្យល់អាកាសក៏ជាអ្វីថ្មីដែរ ។
៣. បង្កើតការប្រកួតប្រជែង
ការប្រកួតប្រជែងជាចំណុចល្អមួយដែលជំរុញទឹកចិត្តមនុស្សឲ្យខិតខំប្រឹងប្រែងជាងមុន ។ អ្នកមិនចាំបាច់ត្រូវប្រកួតប្រជែងជាមួយអ្នកដទៃទេ ។ អ្នកអាចប្រកួតប្រជែងជាមួយខ្លួនឯងបានដែរ ។ ឧទាហរណ៍ដូចជាអ្នកព្យាយាមរត់ឲ្យបាន ៥គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ឬព្យាយាមមិនចាយលុយលើសចំនួនណាមួយជាកំណត់ក្នុងមួយខែជាដើម ។
៤. ស្គាល់មនុស្សថ្មីៗ
មនុស្សដែលនៅជុំវិញខ្លួនអ្នកអាចជះឥទ្ធិពលច្រើនណាស់ដល់ការដែលអ្នកមើលខ្លួនឯង និងពិភពលោកដែលនៅជុំវិញខ្លួនអ្នក ។ ការស្គាល់មនុស្សថ្មីៗ អាចជួយឲ្យអ្នកមើលឃើញផ្នែកថ្មីៗនៃពិភពលោកដែរ ។ ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកមានមនុស្សដែលអ្នកស្គាល់ដែលកំពុងតែទាញអ្នកទម្លាក់នោះ អ្នកគួរតែចាប់ផ្តើមរកវិធីកាត់បន្ថយវត្តមានរបស់ពួកគេពីជីវិតរបស់អ្នកដែរ ៕
ចែករំលែកព័តមាននេះ