រាជធានីភ្នំពេញ ៖ អង្គការទស្សនៈពិភពលោកនៅកម្ពុជាក្នុងភាពជាដៃគូ ជាមួយសម្ព័ន្ធ Joining Forces និង គណៈកម្មាធិការដើម្បីសិទ្ធិ កុមារនៅកម្ពុជា បានចេញរបាយការណ៍វាយតម្លៃដំបូងគេស្ដីពីផលរងប៉ះពាល់ជំងឺកូវីដ១៩ ដែល បង្ហាញឲ្យដឹងថា៧២% នៃអ្នកចូលរួមការស្ទង់មតិបានរាយការណ៍ថាពួកគេបានជួបប្រទះនូវការបាត់បង់ ឬថយចុះនូវប្រាក់ ចំណូល។ ដើម្បីទប់ទល់ នឹងការបាត់បង់ទាំងនេះ ៤៣% នៃពួកគាត់បានរាយការណ៍ថា ពួកគាត់ត្រូវតែកាត់បន្ថយរបបអាហារ ហូបចុកប្រចាំថ្ងៃ ។

នេះបើតាមសម្ដីរបស់ស្ត្រីមេម៉ាយម្នាក់មានឈ្មោះ សុំ ដែលសព្វថ្ងៃនេះគាត់បានបាត់ បង់ការងារដោយសារជំងឺកូវីដ១៩។ អ្នកស្រីសុំ គឺជាមេគ្រួសារម្នាក់ ដែលត្រូវធ្វើការ ដើម្បីចិញ្ចឹមកូនតូចៗ ចំនួនបីនាក់នៅក្នុងបន្ទុក។
ឈ្មោះ សុំ អាយុ៤៣ឆ្នាំ បាននិយាយថា «នៅថ្ងៃដែលមិនមានលទ្ធភាពទិញស្បៀងអាហារ គ្រួសាររបស់យើងមានតែអង្ករសម្រាប់បរិភោគ ហើយវាបានបំពេញ ការផ្គត់ផ្គង់ដល់យើងបានពីរទៅបីថ្ងៃ។ យើងនៅសល់អង្ករច្រកឆ្នាំងក្នុងពាងចុងក្រោយគេ ល្មមគ្រប់សម្រាប់ដាំបបរប៉ុណ្ណោះ នៅពេលដែលយើងមិនទាន់ទទួលបានការគាំទ្រពីអង្គការទស្សនៈពិភពលោក»។
យោងតាមរបាយការណ៍ចេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា គំហើញនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ លើកុមារងាយរងគ្រោះនៅអាស៊ី ដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោក អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញថា សេដ្ឋកិច្ច ចិត្តសង្គម និងសំពាធរាងកាយគ្រួសារដែលពាក់ព័ន្ធនឹងជំងឺ
កូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានគ្រប់វិស័យលើផ្នែកសុខុមាលភាពកុមារ ដែលរួមមាន ការទទួលបានអាហារ និងអាហារូបត្ថម្ភ ការទទួលបានការ ថែទាំសុខភាព និងថ្នាំសង្កូវ ការទទួលបានការគាំពារខាងអនាម័យ និងសម្ភារៈអនាម័យ ព្រមទាំងបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ការការពារកុមារ។
លោក Daniel Selvanayagam នាយកជាតិនៃអង្គការ ទស្សនៈពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «អង្គការទស្សនៈពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ នឹងធ្វើឲ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍរបស់កុមារងាយរងគ្រោះបំផុតនៅលើពិភពលោក។ ក្នុងនាមជាអង្គការដែលធ្វើការផ្ដោតលើកុមារ អង្គការទស្សនៈពិភពលោកចង់ឃើញកុមារ ទាំងអស់ទទួលបានការអប់រំ ទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ និងទទួលបានការការពារដ៏ប្រសើរក្នុងគ្រប់កាលៈទេសៈទាំងអស់»។
គិតមកដល់ត្រឹមថ្ងៃទី ២ ខែកក្កដា អង្គការទស្សនៈពិភពលោក បានឆ្លើយតបចំពោះសេចក្ដីត្រូវការ របស់ក្រុមគ្រួសារងាយរងគ្រោះ ដែល រងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ១៩ នៅក្នុងឃុំជាង ៥៥០ ទូទាំង ១០ ខេត្ត និងរាជធានីភ្នំពេញ។ អង្គការទស្សនៈពិភពលោកបានធ្វើការជាមួយដៃគូសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ប្រជាជនជាង ៨៨០.០០០ នាក់ ក្នុងនោះមានកុមារ ៥៥០.០០០ នាក់ ផ្ដល់ជូនអង្ករជាង ១៣៥ តោន និងសម្ភារៈស្បៀងអាហារដ៏ទៃទៀត។
អង្គការទស្សនៈពិភពលោកក៏បានជួយគាំទ្រមណ្ឌលសុខភាពចំនួន ៧៤ និងគ្រួសារងាយរងគ្រោះនូវសម្ភារៈការពារផ្ទាល់ខ្លួន និងសម្ភារៈអនាម័យរួមមានដូចជា អាល់កុល ១០.០០០ លីត្រ ប្រអប់ម៉ាស់ចំនួន ៥.០០០ប្រអប់ ស្រោមដៃចំនួន ៩១៩ ប្រអប់ ចែកជូនដល់មណ្ឌលសុខភាព និងគ្រួសារងាយរងគ្រោះ។ មិនតែប៉ុណ្ណោះរួមមានសៀវភៅអាន និងសម្ភារៈសិក្សាសម្រាប់កុមារជាង ៤៥.០០០សម្រាប់ ត្រូវបានចែកជូនដល់កុមារផងដែរ។
គួរបញ្ជាក់ផងដែរ អង្គការទស្សនៈពិភពលោកធ្វើការដោយផ្ទាល់ជាមួយមនុស្សរាប់សិបលាននាក់ នៅតាមភូមិ និងសហគមន៍ ទីក្រុងរាប់ពាន់ នៅជុំវិញពិភពលោក។ បណ្តាញមូលដ្ឋានរបស់យើងរួមមាន បណ្តាញធំៗនៃអ្នកដឹកនាំជំនឿ បុគ្គលិកសុខភាពសហគមន៍ ក្រុមសន្សំ និងក្លឹបកុមារ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ភូមិ និងស្រុក។ តាមរយៈបណ្តាញផ្សារភ្ជាប់ទាំងនេះកំពុងត្រូវ បានកេណ្ឌប្រមូល ដើម្បីទប់ស្កាត់ការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ