ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្ដយីឌុបមួយគ្រឿង បានធ្វើដំណើរនៅលើផ្លូវជាតិលេខ៦ ខណៈមេឃកំពុងភ្លៀង លុះមកដល់ចំណុចស្ពានត្រពាំងព្រីង ក៏ស្រាប់តែរថយន្តនោះរ៉េកង់ដាច់ចង្កូត ក៏ជ្រុលទៅបុកប៉ះក្បាលស្ពានតែម្តង បណ្ដាលឱ្យខូចដៃស្ពានអស់មួយកំណាត់ ចំណែករថយន្តខូចខាតធ្ងន់ធ្ងរ ។ ពេលកើតហេតុរួច អ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅជាប់នឹងក្បាលស្ពានតែប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។

សេចក្តីរាយការណ៍បន្តថា រថយន្ដយីឌុបមួយគ្រឿងខាងលើ មានក្បាលពណ៌ក្រហម ទ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A.2330 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ។
បើតាមលោកអធិការនគរបាលស្រុកក្រឡាញ់បានប្រាប់ថា មុនពេលកើតហេតុ មានរថយន្ដយីឌុបមួយគ្រឿងក្បាលពណ៌ក្រហម ទ្រុងពណ៌ខៀវ បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតនៅលើផ្លូវជាតិលេខ៦ ខណៈពេលមេឃកំពុងតែភ្លៀងខ្លាំង។ លុះពេលមកដល់ចំណុចស្ពានត្រពាំងព្រីង រថយន្តក៏បានរ៉េកង់ដាច់ចង្កូតទៅបុកប៉ះក្បាលស្ពានតែម្តង ក្រោយពេលកើតហេតុរួចអ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅជាប់នឹងក្បាលស្ពានតែប៉ុណ្ណោះ។

លោកអធិការបនត្ថា ចំពោះមូលហេតុ គឺបណ្តាលមកពីរថយន្តយីឌុបមួយគ្រឿងខាងលើ ពេលកំពុងបើកបរលើកដងផ្លូវជាតិលេខ៦ បានដាច់ចង្កូត ខណៈពេលមេឃកំពុងភ្លៀងខ្លាំងផង ហើយរថយន្តមិនព្រមឈប់នោះទេ នៅតែបន្តទៅមុខទៀត បណ្ដាលឱ្យខូចដៃស្ពានមួយកំណាត់ និងរថយន្តខូចខាតធ្ងន់ធ្ងរ។
បច្ចុប្បន្ន កម្លាំងជំនាញបានអូសយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ