រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតអោយម្ចាស់ អាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋានវិញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ គឺមានម្ចាស់អាជីវកម្ម ក្លិបកម្សាន្ត និងខារ៉ាអូខេខ្លះមានការភណ្ឌ័ច្រឡំ និងខ្លះទៀតបន្លំតែម្តង គ្រាន់តែឃើញពាក្យថា អោយបើកដំណើរការ ប៉ុន្តែនៅឃ្លាចុងក្រោយ គឺ «បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋានវិញ» ដោយសារបែបនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញ មានក្លឹបកម្សាន្ត ខារ៉ាអូខេ និងភោជនីយដ្ឋានដែលបង្កប់ខារ៉ាអូខេមួយចំនួនបានបើកដំណើរការយ៉ាងព្រោងព្រាតឡើងវិញ ។

ជាក់ស្តែងកាលពីនៅយប់ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២០ គណ:បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ជាអភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៤មិថុនានេះថា ដោយសាររយៈពេល០២ថ្ងៃកន្លងមកនេះ ទីតាំងខារ៉ាអូខេនៅភូមិសាស្ត្ររបស់លោក បានបិទស្លាកជាភោជនីយដ្ឋាន និងបើកភ្លើង បើកដំណើរការយ៉ាងព្រោងព្រាត ក៏បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងតែម្តង ។

លោកបន្តថា នៅក្នុងខណ្ឌខណ្ឌចំការមន មានខារ៉ាអូខេចំនួន៦ទីតាំង និងក្លឹបកម្សាន្តមានចំនួន៤ទីតាំង នៅពេលចុះពិនិត្យខារ៉ាអូខេចំនួន០២ទីតាំងក៏ឃើញមានបើកដំណើរការខារ៉ាអូខេជាធម្មតា ដោយគ្រាន់តែមួយទីតាំងមាននារីបំរើការជាង២០០នាក់ និងភ្ញៀវមួយចំនួនទៀត ដែលតម្រូវអោយគិតលុយ អោយចេញ និងផ្អាកបណ្តោះអាសន្នតែម្តង។

លោក ថេង សុថុល បានអោយដឹងទៀតថា នៅចំពោះមុខនេះ អាជ្ញាធរបានណែនាំឱ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយតម្រូវអោយស្នើរសុំ និងកែសម្រួលអោយបើកជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។

លោក ថេង សុថុល បានបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តន៏តាមការណែនាំ និងនៅតែបើកដំណើរការបំពានទៅនឹងបំរាមទៀត អាជ្ញាធរនឹងដកហូតយកអាជ្ញាបណ្ណ័ និងបិទអាជីវកម្មទាំងស្រុងតែម្តង ។

ចំណែកលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអោយដឹងថា តាមគោលការណ៏របស់រាជរដ្ឋាភិបាល បានអោយប្រែក្លាយពីទីតាំងខារ៉ាអូខេអោយទៅជាភោជនីយដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើសេចក្តីជូនដំណឹងដែលបានបញ្ជាក់ច្បាស់ហើយថាទីតាំងខារ៉ាអូខេនេះគឺស្នើរអោយម្ចាស់អាជីវកម្មទាំងអស់ដែលមានជាង៩០ទីតាំង និងឌីស្កូតែក ជាង២០ទីតាំង បើគាត់ចង់ផ្លាស់ប្តូរជាភោជនីយដ្ឋាន ស្នើរអោយទៅដាក់ពាក្យស្នើរសុំនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

លោកបន្តថា រហូតមកដល់ពេលនេះ ម្ចាស់អាជីវកម្មទាំងនោះ បានដាក់ពាក្យស្នើរសុំប្រែក្លាយជាភោជនីយដ្ឋានបណ្តើរៗហើយ ប៉ុន្តែបើពួកគាត់នៅតែបន្តបើកទៀតមានន័យថា ពួកគាត់បានល្មើសទៅនឹងគោលការណ៏របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញតែម្តង ។

លោកម៉ម វាសនា បានអោយដឹងទៀតថា សម្រាប់ស្ថិតិអាជីវកម្ម សេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀហ្គាឌិន ) នៅ ក្នុងរាជធានីភ្នំពេញ មានចំនួន138ទីតាំង បុគ្គលិកសរុប4588នាក់ ។ ក្នុងនោះប្រភេទ សេវាកម្មខារ៉ាអូខេ មានចំនួន96ទីតាំង បុគ្គលិកសរុប3138 នាក់ ។ ប្រភេទ សេវាកម្ម រង្គសាល-ឌីស្កូតែកមានចំនួន28ទីតាំង មានបុគ្គលិកសរុប1158នាក់ ។ ប្រភេទសេវាកម្ម បៀហ្គាឌិន មាន ចំនួន 11 ទីតាំង មានបុគ្គលិក សរុប292នាក់ ។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និងម៉ាស្សានៅរាជធានីភ្នំពេញ មានចំនួន123ទីតាំង (931គ្រែ ) បុគ្គលិក 2307 នាក់ ។

លោកបន្តថា ចំពោះអាជីវកម្មដែលតែងហៅ បារបារាំងៗ ឬផាប់ មាននៅក្នុងខណ្ឌដូនពេញ និង ខណ្ឌចំការមន ប្រមាណ ជាង ១០០ ទីតាំង ។
សូមបញ្ជាក់ថា ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ប៊ៀហ្គាឌិន ម៉ាស្សា មានជិត៤០០ទីតាំង និងបា បារាំង ឬផាប់ប្រមាណជាង១០០ទីតាំងផងដែរ ៕





ចែករំលែកព័តមាននេះ