ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា យោងតាមតួលេខប្រចាំថ្ងៃចេញផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល បានឱ្យដឹងថា ប្រទេសប្រេស៊ីល បានឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួនជាង ២៦០,០០០ ករណីនៅក្នុងសប្តាហ៍កន្លងទៅនេះ។
ក្នុងរយៈពេល ៧ថ្ងៃកន្លងមក ប្រេស៊ីលបានកត់ត្រាករណីឆ្លងកូវីដ១៩ ថ្មីចំនួន ២៦១,៦៨៣នាក់។ កាលពីថ្ងៃច័ន្ទ ក្រសួងបានកត់ត្រាការកើនឡើងជារៀងរាល់ថ្ងៃចំនួន ២០,២៨៦ករណី ដែលនាំឱ្យចំនួនករណីសរុបដែលបានបញ្ជាក់នៅទូទាំងប្រទេស កើនឡើងដល់ ១,៨៨៤,៩៦៧នាក់។

ក្រសួងក៏បានដាក់បញ្ចូលបន្ថែមករណីបាត់បង់ជីវិតដោយសារកូវីដ១៩ថ្មី ចំនួន ៧៣៣នាក់ កាលពីថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតទូទាំងប្រទេសនៅប្រេស៊ីលឡើងដល់ ៧២,៨៣៣នាក់។
ក្នុងចំណោមករណីថ្មីដែលត្រូវបានកត់ត្រាក្នុងសប្តាហ៍មុន គឺប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏ត្រូវបានគេរាប់បញ្ចូលផងដែរ ក្រោយពីលោកត្រូវបានគេរកឃើញថា មានជំងឺកូវីដ១៩នេះដែរ។

វេជ្ជបណ្ឌិតផ្លូវការសម្រាប់ប្រធានាធិបតី បានប្រាប់សារព័ត៌មាន CNN ប្រេស៊ីល កាលពីថ្ងៃច័ន្ទថា លោក Bolsonaro នឹងធ្វើតេស្តកូវីដ១៩ ម្តងទៀតនៅសប្តាហ៍ក្រោយ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ