រាជធានីភ្នំពេញ ៖ ការដើរព្រៃត្រូវបានលើកឡើងថា គឺជាការបញ្ជ្រាបខ្លួនទៅនឹងធម្មជាតិឱ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស ដូចនេះនៅពេលដែលមនុស្សយល់ដឹង និងស្រឡាញ់ធម្មជាតិហើយពួកគេនឹងចូលរួមថែរក្សាវា ។

ប្រាកដណាស់ការធ្វើដំណើរជាក្រុម គឺទាមទារឲ្យមានការយល់គ្នាច្បាស់បែងចែកនូវអ្វីដែលម្នាក់ៗត្រូវយកតាមខ្លួន ដើម្បីសម្រាលបន្ទុកនៃការស្ពាយឥវ៉ាន់ឡើងភ្នំសម្រាប់ដំណើរកម្សាន្ត ។

អ្នកឈ្លក់វង្វែងក្នុងការដើរឡើងភ្នំជាក្រុម កញ្ញា ទូស សោភ័ណ ជាអ្នកឯកទេសយេនឌ័រ និង ការអភិវឌ្ឍន៍សង្គមបានលើកឡើងថា «ការដើរព្រៃ ពង្រឹងនូវចំណងមិត្ត និងការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក ហើយកាន់តែឱ្យមនុស្សស្គាល់អំពីបរិស្ថាន ធម្មជាតិ និងព្រៃភ្នំបឹងបួរ កាន់តែខ្លាំង ។

នាពេលបច្ចុប្បន្ន ប្រជាជនជាច្រើនងាកមកចាប់អារម្មណ៍ក្នុងការធ្វើដំណើរកម្សាន្តទៅក្នុងព្រៃ ដែលជាធម្មតា ពេលពួកគេធ្វើដំណើរ គឺជាក្រុម ៥ ទៅ ១០ នាក់យ៉ាងតិច ហើយខ្លះទៀតដើរកម្សាន្តជាលក្ខណៈបោះតង់គេងក្នុងព្រៃដែរ និងជាធម្មតាអាចចំណាយពេលពី ៣ថ្ងៃឡើងទៅ» ។

អ្នកមានបទពិសោធន៍ក្នុងការដើរព្រៃរូបនេះបានបន្តថា ការដើរឡើងលើភ្នំអាចចំណាយពេល ២ ទៅ ៣ ម៉ោង បូករួមជាមួយការរៀបចំសម្ភារៈនានាមុនពេលឡើងភ្នំ ។ កន្លែងខ្លះយើងត្រូវធ្វើដំណើរដោយប្រើរយៈពេល ១ថ្ងៃឯនោះ ទំរាំដល់គោលដៅលើភ្នំ ។ មធ្យោបាយជាច្រើនដែលយើងអាចធ្វើដំណើរបានភាគច្រើន គឺជាការដើរ ជិះទូក និងការជិះម៉ូតូ ប៉ុន្តែយានជំនិះផ្សេងទៀតក៏អាចប្រើបានដែរ ដូចជាការជិះរទេះគោ ឡានជាដើម សំខាន់ថា តើវាអាចទៅបានស្រួលដោយមធ្យោបាយបែបណា និងចំណង់ចំណូលចិត្តផងដែរ ។

កញ្ញា ទូស សោភ័ណ បានបន្តថា «ការដើរព្រៃពិតណាស់ គឺគេចមិនផុតពីការជួបប្រទះនូវបន្លា ទឹកភក់ ទួល ឬចំណោទថ្ម សុទ្ធតែយើងត្រូវឆ្លងកាត់ ដូចនេះហើយបានយើងត្រូវត្រៀមនូវ ឧបករណ៍មួយចំនួនផងដែរ ។ ហើយក៏ពិតជាត្រូវការថាមពល ដើម្បីធ្វើការឡើងនៅភ្នំ ដើម្បីអាចទៅដល់គោលដៅរបស់យើង ។ វានឹងមានបញ្ហាដូចជា ឈឺក្បាល វិលមុខ ក្អួត អ្នកខ្លះធ្វើទុកបេះដូង ឬថប់ដង្ហើមជាដើម នៅពេលយើងប្រើកម្លាំងច្រើន ឬលើសកម្រិតរបស់វា ដូចនេះវាចាំបាច់ អំពីការស្គាល់ខ្លួនឯង»។
ការធ្វើដំណើរជាលក្ខណៈទេសចរណ៍ក្នុងព្រៃជាក្រុមនេះ ជួនការប្រសិនបើយើងមិនបានគិតឱ្យបានច្បាស់លាស់ទេ យើងអាចជួបប្រទះនឹងការដាច់ទឹក មុនទៅដល់កន្លែង ដូចនេះសម្ភារៈគេងនិងទុកប្រើប្រាស់ពេលដល់កំពូលនេះត្រូវតែសំរឹតសំរុំាងយកតែរបស់ចាំបាច់បំផុត ដើម្បីសម្រាលបន្ទុកក្នុងការស្ពាយ ។ ហើយអ្វីដែលមិនអាចអត់បាននោះ កូនប៉ែលសម្រាប់ជីកពេលបន្ទោរបង់ផ្សេងៗ ។
ក្រុមខ្លះដែលទើបតែធ្វើដំណើរកម្សាន្តលើកទីមួយ ពួកគាត់អាចទុកដាក់ឥវ៉ាន់ច្រើន ដូចនេះ កញ្ញា ទូស សោភ័ណ បានប្រាប់ថា យកតែអាហារក្រៀមមួយចំនួន ដូចនេះក្នុងក្រុមត្រូវពិភាក្សាគ្នាថា អ្នកយកអ្វី អ្នកផ្សេងទៀតយករបស់ផ្សេង ។
កញ្ញា ទូស សោភ័ណ បន្ថែមថា «បើយើងឡើងភ្នំហើយ យ៉ាងតិចក៏គេងពីរយប់អីដែរ ដូចនេះ សម្ភារៈ ភេសជ្ជៈ អាហារ សុទ្ធតែត្រូវចែករំលែកគ្នា ។ ប្រសិនបើកន្លែងខ្លះយើងអាចជួលអ្នកភូមិទៅជាមួយយើងបាន ដែលគាត់ស្ម័គ្រចិត្តឡើងមកតាមយើង និងជួយស្ពាយឥវ៉ាន់យើង ដោយយើងនឹងផ្តល់ប្រាក់ចំណូលឱ្យពួកគាត់ផងដែរ» ។
កញ្ញាបន្តថា វាជាការផ្តល់ឱកាសការងារដល់ប្រជាសហគមន៍តាមរយៈធ្វើជាអ្នកនាំផ្លូវ ជាចុងភៅព្រៃ ជាអ្នកជញ្ជូនអីវ៉ាន់បំរើសេវាកម្មដល់អ្នកទេសចរ ពិសេស គឺពួកគេទទួលបានប្រាក់ចំណូលដោយផ្ទាល់ពីអ្នកទេសចរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អ្នកទេសចរណ៍ក៏អាចរីករាយទស្សនា និងកម្សាន្តជាមួយធម្មជាតិជីវៈចម្រុះ ស្វែងយល់ពីទំនៀមទម្លាប់របៀបរបបរស់នៅរបស់អ្នកស្រុក ពិសេសស្គាល់ទឹកដីមាតុភូមិពិតប្រាកដរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ