រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃពាក់សក្តិ4កន្លះម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X មិនបានប្រយ័ត្ន ក៏ជ្រុលរេចង្កូតទៅបុកនឹងជញ្ជាំងឃ្លាំង បណ្តាលខ្ទេចរថយន្ត និងធ្វើឲ្យអ្នកបើកបរត្រូវបាត់បង់ជីវិតនៅក្នុងរថយន្តតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង1រំលងអធ្រាត្រឈានចូលថ្ងៃទី14 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវបេតុងលេខ1800 នៅចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ2 ស្ថិតក្នុងសង្កាត់ទួលសង្កែ2 ខណ្ឌឬស្សីកែវ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះពក ភិរម្យ ភេទប្រុស អាយុ26ឆ្នាំ មុខរបរជានគរបាលក្រសួងមហាផ្ទៃពាក់សក្តិ4កន្លះ ស្នាក់នៅបច្ចុប្បន្ននៅម្តុំឈូកវ៉ា ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃពាក់សក្តិ4កន្លះ បានបើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY2722 ដោយបើកបរតាមបណ្តោយផ្លូវបេតុង1800 ក្នុងទិសដៅពីលិចទៅកើត ។

ប្រភពដដែលបន្តថា លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរថយន្តរបស់ជនរងគ្រោះបើកក្នុងល្បឿនលឿនពេក ហើយណាមួយផ្លូវក៏រៀងកោងផងនោះ ស្រាប់តែរេចង្កូតចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់ជាមួយនឹងជញ្ជាំងឃ្លាំងមួយកន្លែងនៅផ្លូវបេតុង1800 ធ្វើឱ្យរថយន្តខ្ទាត៥ម៉ែត្រ បណ្តាលឱ្យរថយន្តខូចខាតខ្ទេចអស់មួយចំហៀងខាងមុខផ្នែកខាងឆ្វេង ចំណែកអ្នកបើកបរជាជនរងគ្រោះវិញបានបាត់បង់ជីវិតនៅក្នុងរថយន្តតែម្តង។

ភ្លាមៗនោះដែរ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិច្ច័យរកឃើញថា មូលហេតុដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតនេះ គឺដោយសារតែបាក់.ក និងហូរឈាមតាមត្រចៀកខាងស្តាំ ។ ក្រោយមកទើបសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កទី2 មកដល់ រួចធ្វើការឆែកឆេរទៅទើបរកឃើញថា ជនរងគ្រោះជាប៉ូលិសពាក់សក្តិ4កន្លះពិតមែន ហើយក៏ទំនាក់ទំនងហៅប្រពន្ធជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រឺឯសពជនរងគ្រោះវិញត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ