Inter Milan នឹងត្រូវចំណាយ១៥០លានអឺរ៉ូ ប្រសិនបើចង់បញ្ចប់តួនាទីគ្រូបង្វឹកបច្ចុប្បន្ន
4 ឆ្នាំ មុន
ប្រទេសអ៊ីតាលី ៖ ក្លិប Inter Milan នឹងត្រូវចាយប្រាក់ចំនួន ១៥០លានអឺរ៉ូ ប្រសិនបើក្នុងករណី ដែលពួកគេចង់បញ្ចប់តួនាទីគ្រូបង្វឹកបច្ចុប្បន្នគឺលោក Antonio…
ប្រទេសអ៊ីតាលី ៖ ក្លិប Inter Milan នឹងត្រូវចាយប្រាក់ចំនួន ១៥០លានអឺរ៉ូ ប្រសិនបើក្នុងករណី ដែលពួកគេចង់បញ្ចប់តួនាទីគ្រូបង្វឹកបច្ចុប្បន្នគឺលោក Antonio Conte ។
លទ្ធផលស្មើរបស់ Inter Milan ជាមួយក្រុម Verona ២-២ គឺជាលទ្ធផលស្មើ ២ប្រកួតជាប់ៗគ្នា របស់ក្រុមលោក Antonio Conte និងបានធ្វើឱ្យក្រុមមួយធ្លាក់ដល់ចំណាត់ថ្នាក់លេខ៤ នៅតារាងក្របខណ្ឌ Serie A ។ ទម្រង់លេងរបស់ក្រុម Inter បានធ្លាក់ចុះនៅប៉ុន្មានប្រកួតចុងក្រោយនេះ ខណៈខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martínez ហាក់សហការគ្នាសូវមិនបានល្អដូចកាលពីដើមរដូវកាលឡើយ។ ហើយស្របពេលដែលលេចចេញនូវដំណឹងខ្សែប្រយុទ្ធ Martínez អាចនឹងចាកចេញនៅចប់រដូវកាលនេះ ។
សម្ពាធទាំងអស់កំពុងធ្លាក់លើលោក Antonio Conte ហើយកៅអីបច្ចុប្បន្ន ក៏កំពុងតែឡើងកម្តៅខ្លាំងផងដែរ។ ទោះយ៉ាងណាគេជឿថា បរុសវ័យ ៥០ឆ្នាំរូបនេះ នៅតែបន្តដឹកនាំតទៅមុខទៀត ដោយសារតែកត្តាហរិញវត្ថុជាដើមហេតុធ្វើឱ្យ Inter Milan ពិបាកសម្រេចចិត្តបញ្ចប់តួនាទីអតីតគ្រូបង្វឹកក្រុម Juventus និង Chelsea រូបនេះ។
យោងតាមប្រភពពី Corriere dello Sport បានឱ្យដឹងថា Inter Milan នឹងត្រូវចំណាយ ១៥០លានអឺរ៉ូ ប្រសិនបើពួកគេចង់បញ្ចប់តួនាទីលោក Antonio Conte ។ ខណៈកិច្ចសន្យារបស់លោក មានរហូតដល់ឆ្នាំ២០២២ ហើយលោកក៏ជាអ្នកចាត់ការ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគអ៊ីតាលីផងដែរ ជាមួយប្រាក់ប្រមាណ ១២លានអឺរ៉ូក្នុងមួយឆ្នាំ។ ហើយប្រសិនបើក្លិបចង់បណ្តេញលោក និងបុគ្គលិករបស់លោក ពួកគេត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីសងជំងឺចិត្ត រួមជាមួយប្រាក់ផ្សេងទៀត ដើម្បីជួលគ្រូបង្វឹកថ្មី។
សូមរំលឹកថា លោក Antonio Conte បានផ្លាស់ពី Chelsea មកដឹកនាំ Inter Milan កាលពីចុងខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដោយដឹកនាំបាន ៤៣ប្រកួត ឈ្នះ២៥លើក ស្មើ១០ និងចាញ់៨លើក៕
ចែករំលែកព័តមាននេះ