ពេលដែលលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) នៅវ័យក្មេង លោកមានមុខវិជ្ជាពីរដែលលោកចូលចិត្ត និងពូកែ ។ លោកបានចែករំលែកក្នុងបទសម្ភាសន៍មួយកាលពីខែកុម្ភៈកន្លងមកថា លោកចូលចិត្តរូបវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ។ ហើយបច្ចុប្បន្ននេះលោកជាមហាសេដ្ឋីដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ Tesla និង SpaceX ។

ដូច្នេះលោកតែងតែគិតថាលោកនឹងក្លាយជារូបវិទូម្នាក់ ហើយវាប្រៀបជាជម្រើសល្អផងដែរសម្រាប់មនុស្សដែលស្រលាញ់វិទ្យាសាស្ត្រ និងការសិក្សាពីផែនដីដូចលោក ។
ប៉ុន្តែនៅឆ្នាំ ១៩៩៣ ឬពេលដែលលោកម៉ាសមានអាយុប្រមាណ ២២ឆ្នាំ ផែនការរបស់លោកបែរជាផ្លាស់ប្តូរទៅវិញ ព្រោះពេលនោះគម្រោងរូបវិទ្យាដែលធំជាងគេប្រចាំពិភពលោកនាពេលនោះត្រូវបានបិទចោលបន្ទាប់ពីរដ្ឋាភិបាលឈប់ផ្តល់ប្រាក់ជំនួយ ។
ពេលនោះទើបលោកគិតថា ចុះប្រសិនបើលោកខិតខំចំណាយពេលរាប់ឆ្នាំដើម្បីធ្វើការលើអ្វីមួយតែសុខៗស្រាប់តែរដ្ឋាភិបាលដកជំនួយនោះ? លោកក៏បានជ្រើសមិនធ្វើដូច្នេះទេ ។
ពេលនោះលោកជានិស្សិតប្រចាំសាកលវិទ្យាល័យ University of Pennsylvania ដែលសិក្សាផ្នែករូបវិទ្យា និងសេដ្ឋកិច្ច ។ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាក្នុងឆ្នំឫ ១៩៩៧ហើយ លោកបានប្រើជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររបស់លោកទៅបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដំបូងឈ្មោះថា Zip2 ។
នៅឆ្នាំ ១៩៩៩ លោកបានលក់ Zip2 ឲ្យទៅ Compaq ក្នុងតម្លៃប្រមាណ ៣០០លានដុល្លារដែលលោកបានប្រើទៅបង្កើត X.com ដែលត្រូវបានរួមបញ្ចូលជាមួយ Confinity ក្នុងឆ្នាំ ២០០០ មុននឹងត្រូវបានប្តូរឈ្មោះទៅជា PayPal ។ នៅឆ្នាំ ២០០២ ក្រុមហ៊ុន eBay បានទិញ PayPal ក្នុងតម្លៃ ១.៥ប៊ីលានដុល្លារ ។
ប៉ុន្តែលោក ម៉ាស តែងតែគិតថា គោលដៅក្នុងជីវិតរបស់លោកគឺមិនត្រឹមតែទាក់ទិននឹងការបង្កើតក្រុមហ៊ុនអ៊ីនធើណែតថ្មីៗទាំងនេះទេ ។
នៅឆ្នាំ ២០០២ លោកបានបង្កើត SpaceX ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់អាវកាស ព្រោះតែលោកមានគោលបំណងចង់ឲ្យអារិយធម៌របស់មនុស្សលោកអាចបន្តមានវត្តមានលើពិភពលោកកាន់តែយូរទៅថ្ងៃអនាគត និងធ្វើឲ្យមនុស្សលោកអាចរស់នៅលើភពផ្សេងៗគ្នាបាន ៕
ចែករំលែកព័តមាននេះ