ប្រទេសជប៉ុន ៖ អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បាននិយាយកាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកក្កដានេះថា ព្រឹត្តិការណ៍អូឡាំពិកត្រូវតែធ្វើនៅឆ្នាំក្រោយ ដើម្បីជានិមិត្តរូបនៃឯកភាពពិភពលោកក្នុងការយកឈ្នះលើវីរុសកូវីដ១៩។

ប្រទេសជប៉ុនមិនបានរកមើលឃើញពីការផ្ទុះឡើងកូវីដ១៩ ដែលត្រូវបានទទួលរងនៅកន្លែងផ្សេងទៀតនោះទេ ប៉ុន្តែការកើនឡើងនូវករណីថ្មីៗនៅក្នុងទីក្រុងតូក្យូ គឺមានចំនួនច្រើនជាងមួយភាគបីនៃចំនួនអ្នកឆ្លងសរុបជាង ២០,០០០នាក់របស់ជប៉ុន ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃរលកទី២។

សូមរំលឹកថា ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅក្នុងខែនេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។ ហើយលោកស្រី Koike បានសន្យាថានឹងយកឈ្នះការគាំទ្រជាសាធារណៈ សម្រាប់ព្រឹត្តិការណ៍កីឡាមួយនេះ បើទោះបីជាការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន២ បានបង្ហាញថា ច្រើនជាងពាក់កណ្តាលនៃប្រជាជនក្នុងក្រុងតូក្យូ ចង់ឱ្យពន្យារពេលម្តងទៀត ឬក៏លុបចោលព្រឹត្តិការណ៍នេះតែម្តង។

លោកស្រីបានប្រាប់ថ្លែង Reuters នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណេតថា «ខ្ញុំចង់ឱ្យទីក្រុងតូក្យូធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយ។ វាគឺជានិមិត្តរូបនៃពិភពលោកដែលរួបរួមគ្នា ដើម្បីជំនះស្ថានការណ៍ដ៏លំបាកនេះ និងពង្រឹងចំណងសាមគ្គីភាពរវាងមនុស្សជាតិជាសកល»។

ជាមួយគ្នានេះផងដែរ លោកស្រីបានបដិសេធមិនបញ្ជាក់អំពីកាលបរិច្ឆេទកំណត់ សម្រាប់ការសម្រេចថា តើព្រឹត្តិការណ៍កីឡាមួយនេះ អាចដំណើរការទៅមុខបានទេ ដោយសារតែបច្ចុប្បន្ន វាកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា៕
ចែករំលែកព័តមាននេះ