រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករ ឡុង សុវណ្ណឌឿន គឺជាពិធីករផ្នែកប្រដាល់ផង និងជាកីឡាករផង ខណៈដែលលោកក៏មានការតស៊ូជាច្រើនទម្រាំបានល្បីឈ្មោះ ។ លោកល្បីក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ជាមួយនឹងកម្ពស់ ១,៧៣ ម៉ែត្រ ។
ឡុង សុវណ្ណឌឿន ជាឈ្មោះសម្រាប់ប្រើ ក្នុងពិភពកីឡាប្រដាល់ប៉ុណ្ណោះ ចំណែកឈ្មោះ ពិតប្រាកដរបស់លោកគឺ ដន ដឿន ។ លោកកើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៨ នៅ ភូមិក្បាលកោះទាវ ឃុំសំពៅពូន(សំពៅលូន) ស្រុកកោះធំ ខេត្តកណ្ដាល ដោយលោកគឺជាកូនប្រុសច្បងក្នុងក្រុមគ្រួសារដែលមានបងប្អូន៤នាក់ ប្រុស២ និងស្រី២នាក់ ។ កីឡាកររូបនេះមានឪពុកឈ្មោះទេព ស៊ីយ៉ាដន និងអ្នកម្ដាយឈ្មោះលឹម ស៊ីម ដែលសព្វថ្ងៃអ្នកទាំងពីរ កំពុងប្រកបរបរកសិកម្មនៅឯស្រុកកំណើត។

ប្អូនស្រីទី១របស់ដឿនគឺនាងទេព ស្រីមុំ បច្ចុប្បន្នមានគ្រួសាររួចរាល់ហើយ ។ ប្អូនស្រីទី២ ឈ្មោះ
ទេព ស្រីពៅ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែន កោះធំ និងប្អូនប្រុសពៅឈ្មោះទេព ឧត្ដម កំពុងសិក្សានៅសាលាបឋមសិក្សាក្បាលកោះទាវ ។
ក្នុងវ័យសិក្សា លោកត្រូវរ៉ាប់រងរកស្មៅ និងឲ្យទឹកគោក្របី ព្រមទាំងឆ្លៀតទួលនំកង នំពងអន្សងដែលម្ដាយធ្វើដើរលក់គ្រាន់បានកម្រៃ២០០០ទៅ៣០០០រៀលក្នុងមួយថ្ងៃដើម្បីសម្រួលដល់ជីវភាពគ្រួសារ ។ អំឡុងឆ្នាំ១៩៩៤ លោកត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅសិក្សានៅសាលាបឋមសិក្សាក្បាលកោះទាវ ។ លុះដល់ឆ្នាំ២០០០ បន្តទៅអនុវិទ្យាល័យ ហ៊ុនសែន សំពៅពូន និងបន្តទៅសិក្សានៅ វិទ្យាល័យ ហ៊ុន សែន កោះធំ ក្នុងឆ្នាំ២០០៤ ដោយត្រូវជិះកង់មិនតិចជាង៣០គីឡូម៉ែត្រទេ ជារៀងរាល់ថ្ងៃ ដោយសារតែសាលាឆ្ងាយផ្ទះ។
ជាលទ្ធផល លោកបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគ ជ័យក្នុងឆ្នាំ២០០៧ ។ ឆ្នាំ២០០៩ លោកបាន ចូលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យធនធានមនុស្ស ។ លុះចប់ថ្នាក់មូលដ្ឋាន និស្សិតរូបនេះបានប្ដូរទៅរៀនជំនាញទីផ្សារវិញ ។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ លោកមិនបានចូលបន្តការសិក្សាភ្លាមៗនោះទេ ដោយលោក
បានសុំអនុញ្ញាតម្ដាយមីងមករកការងារធ្វើនៅទីក្រុងភ្នំពេញ ។ មកដល់ទឹកដីដ៏ស៊ីវិល័យមួយ នេះក្នុងឆ្នាំ២០០៨ យុវជនព្រាត់គ្រួសាររូបនេះបានចូលបម្រើការងារនៅក្រុមហ៊ុនផលិតបារីមួយនៅពោធិចិនតុងក្នុងតួនាទីជាអ្នកកាន់ម៉ាស៊ីនផលិត ។ កម្រៃដំបូងបានក្នុងមួយថ្ងៃ៦០០០ រៀល ។ ៨០០០រៀលនៅក្រោយ៣ខែ និងឡើងដល់១០០០០ រៀលក្នុងមួយថ្ងៃនៅ៦ខែក្រោយចូលធ្វើការ ។ ប្រាក់ចំណូលខ្ទង់នេះពិតជារុញច្រានឲ្យជីវិតលោកជួបការលំបាករាប់ពាន់ជំពូក ។
លុយកាក់ទាំងប៉ុន្មានត្រូវបែងចែកទៅលើចំណីអាហារ សម្លៀកបំពាក់ និងការចាយវាយជាច្រើនទៀត ។ បើទោះជាប្រាក់ចំណូលមិនជាដុំកំភួនយ៉ាងណាក្ដីលោកនៅតែអាចផ្សែផ្សំសល់លុយកាក់ខ្លះគ្រាន់បាន ទុកដាក់ខ្លួននាគ្រាបន្ទាប់ ។ ទោះបីជាជួបការលំបាកយ៉ាងណា ក៏លោកមិនដែលគិតរាថយនឹងការតស៊ូក្នុងទីក្រុងដែលពោរពេញដោយ ការប្រកួតប្រជែងគ្មានទីបញ្ចប់ដែរ ។
ដោយ សារការងារនៅរោងចក្រនេះ តម្រូវឲ្យបុគ្គលិក ធ្វើការថែមម៉ោង មិនអាចខានបាន ដូច្នេះ លោកមិនអាចបន្តក្ដីប្រាថ្នារបស់ម្ដាយដែលចង់ឲ្យខ្លួនរៀនបានខ្ពង់ខ្ពស់ឡើយ ។ ក្រោយឆ្អែតឆ្អន់នឹងការងាររយៈពេលជាងមួយឆ្នាំនៅទីនោះ ព្រមជាមួយនឹងការជំរុញពីអ្នកម្ដាយឲ្យចូលរៀនថែមទៀត លោកបានសម្រេចចិត្តឈាន ជើងចេញពីការងារដែលបានចិញ្ចឹមជីវិតជាងមួយឆ្នាំមកនេះ ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្ររបស់ ខ្លួននៅឆ្នាំ២០០៩ ។

ក្រោយបញ្ចប់សញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០០៨ លោកបានចេញដំណើរពីស្រុកកំណើតទៅស្រុកអន្លង់វែង ដើម្បីទៅជួបមុខឪពុក-ម្ដាយនិងប្អូនពីរនាក់ទៀត ។ នៅទីនោះលោកទទួលបានការស្រឡាញ់ពេញចិត្តរាប់អានជាខ្លាំងពីបុរសជិតខាងផ្ទះម្នាក់ដែលជាអ្នកហាត់រៀនគុន
ប្រដាល់ដ៏ចំណានមួយរូប ។ ជាការដោះដូរក្ដីស្រឡាញ់រាប់អាន បុរសរូបនោះបានបង្ហាត់បង្រៀនលោកនូវក្បាច់ប្រដាល់ជារៀងរាល់ថ្ងៃ ។
ជាក្មេងមានទេពកោសល្យ ត្រឹមតែរយៈពេលជាង១ខែប៉ុណ្ណោះ លោកមានភាពរីកចម្រើន ដោយហាត់ចេះចាំស្នៀតផ្សេងៗយ៉ាងល្អប្រសើរ ។ បុរសដែលជាគ្រូបង្ហាត់បានណែនាំឲ្យលោកឡើងវាយនៅទីនោះ ដោយសារឃើញសមត្ថភាពប្រដាល់របស់លោកមានគ្រប់គ្រាន់ ទោះទើបហាត់បានជាង១ខែក្ដី ។
ប៉ុន្តែលោកបានបដិសេធការណែនាំដោយគិត ថា ហាត់គុននេះគ្រាន់ទុកការពារខ្លួនប៉ុណ្ណោះ។ ក្រោយការស្នាក់នៅទីនោះមួយរយៈ លោកក៏ ត្រឡប់មកស្រុកវិញ និងបានទៅធ្វើការនៅ ភ្នំពេញ ។ តែមុនការចាកចេញ គ្រូបង្ហាត់ របស់ខ្លួនបានឲ្យហ្កង់ពាក់ដៃមួយគូដល់លោកទុកជាចំណងដៃគ្រូ និងសិស្ស ។ ក្រោយពីចេះ ក្បាច់ប្រដាល់ក្នុងខ្លួន លោកតែងហាត់បន្ថែម ខ្លួនឯងជារឿយៗ នៅពេលដែលលោកចូល សិក្សាថ្នាក់មហាវិទ្យាល័យ ។ ថ្ងៃមួយឪពុកមា បានមកលេង និងឃើញហ្កង់ពាក់ដៃរបស់ លោក ហើយក៏តម្រូវឲ្យលោកវាយសាកមើល។
ទេពកោសល្យរបស់លោកពិតជាបានទាក់ទាញ ចិត្តឪពុកមាជាខ្លាំង ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០១០ ឪពុកមាលោកបាននាំលោកទៅចូល ហ្វឹកហាត់ក្នុងក្លិបសាលវ័ន្តកីឡា ។ លោកពេញចិត្តនឹងការហាត់រៀននៅទីនោះទោះបីកំពុងសិក្សាឆ្នាំទី២នៅសាកលវិទ្យាល័យធនធានមនុស្ស ក៏ដោយ ។
ក្រោយការចូលហាត់តែ២សប្ដាហ៍ប៉ុណ្ណោះ លោកក៏មានឱកាសឡើងលើសង្វៀនដោយបានប្ដូរឈ្មោះថ្មីថា «ឡុង សុវណ្ណឌឿន»។ ការ ប្រកួត៤លើកដំបូង ពិតជាធ្វើបានយ៉ាងអស្ចារ្យ ដោយសុទ្ធតែវាយបំបាក់ដៃគូឲ្យដួលសន្លប់លើសង្វៀនក្រោកមិនរួច ។ គិតមកទល់ពេលនេះ លោកឡើងរេញបានរាប់រយដង និងរមែងទទួលលទ្ធផលល្អភាគច្រើន ។ លោករំពឹងថា ទៅថ្ងៃក្រោយ លោកនឹងយកជំនាញនៅមហាវិទ្យាល័យទៅចាត់ចែងជំនួញដ៏សមល្មមមួយនៅ ស្រុកកំណើត ដោយសារតែភូមិរបស់លោកគឺជាច្រកចេញចូលទំនិញរវាងកម្ពុជា-វៀតណាម ដែលមនុស្សគ្រប់គ្នាស្គាល់ច្បាស់ថា ជ្រៃធំ។
មកទល់ពេលនេះ ឡុង សុវណ្ណឌឿន ប្រកាសថា នៅមិនទាន់ដកខ្លួនទាំងស្រុងពីការប្រដាល់នោះទេ បើទោះជាស្ងាត់ជាងមុន តែលោកនឹងឈប់ទាំងស្រុងឆាប់ៗ ដោយសារតែលោកគិតថា ប្រដាល់មិនអាចជួយឲ្យខ្លួនថ្កុំថ្កើងនៅថ្ងៃមុខបាន ឡើយ ។ ម្យ៉ាងម្ដាយតែងតែទទួចឲ្យលោកបោះបង់ចោលសង្វៀនជាច្រើនដងមកហើយក្រែងមានគ្រោះថ្នាក់មើលមិនឃើញ ទើបលោកពិបាកបន្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ