ទោះជាការផ្ទុះនៃជំងឺកូវីដ ១៩ បានបង្កនូវផលប៉ះពាល់ជាច្រើនដល់មនុស្សជុំវិញពិភពលោកពិតមែនក្តី មនុស្សនៅតែអាចរៀនមេរៀនសំខាន់ៗពីហេតុការណ៍នេះ ជាពិសេសមេរៀនទាក់ទិននឹងលុយ ។ ខាងក្រោមគឺជាមេរៀនសំខាន់ៗដែលកូវីដ ១៩ បានបង្រៀនមនុស្សពីលុយ ៖

១. មនុស្សអាចកាត់បន្ថយការចាយវាយបាន
ព្រោះតែការព្យាយាមជៀសវាងកន្លែងមានមនុស្សច្រើន ប្រជាជនក្នុងប្រទេសបានព្យាយាមកាត់បន្ថយការទិញទំនិញ ឬទៅបរិភោគអាហារនៅក្រៅផ្ទះជាដើមដែលអនុញ្ញាតឲ្យពួកគេសន្សំថវិកាបានខ្លះដែរ ។ វាក៏អាចជាការដាស់តឿនដែរថាមានសម្ភារៈជាច្រើនដែលអ្នកមិនត្រូវការតែអ្នកបានទិញព្រោះតែអ្នកដើរផ្សារ ។
២. ការបង់លុយទៅហាត់ប្រាណមិនមែនជាវិធីតែមួយដើម្បីរក្សាសុខភាពទេ
អ្នកដែលចង់ធ្វើលំហាត់ប្រាណដើម្បីមើលថែសុខភាព ឬទទួលបានរាងកាយមាំមួននិងស្អាតនោះត្រូវបានហាមមិនឲ្យទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណដែលខ្លួនបានបង់ថ្លៃសមាជិកឡើយព្រោះតែកូវីដ ១៩ ។ ប៉ុន្តែការផ្ទុះជំងឺនេះបានបង្ហាញឲ្យឃើញច្បាស់ថាមនុស្សមិនចាំបាច់ចំណាយលុយច្រើនដើម្បីធ្វើលំហាត់ប្រាណទេ ។ ផ្ទុយមកវិញ គ្រាន់តែហាត់ប្រាណនៅផ្ទះក៏អាចមានប្រសិទ្ធិភាពបានដែរ ។
៣. ប្រាក់បម្រុងពេលអាសន្ន គឺពិតជាសំខាន់ណាស់
ការផ្ទុះជំងឺនេះប្រហែលជាបានដាស់តឿនមនុស្សជាច្រើនពីទម្លាប់សន្សំប្រាក់របស់ពួកគេ ។ ជាក់ស្តែង អ្នកជំនាញផ្តល់យោបល់ឲ្យមនុស្សម្នាក់ៗសន្សំឲ្យបានគ្រប់យ៉ាងតិចស្មើការចាយវាយប្រមាណ ៣ខែប្រសិនបើអ្នកចង់ការពារខ្លួនពេលដែលមានរឿងអាសន្នដែលមិនបានគិតទុកមុន ។
៤. គ្រួសារមិនចាំបាច់ចាយលុយដើម្បីសម្រាកទេ
មុនពេលមានការផ្ទុះជំងឺកូវីដ ១៩ ក្រុមគ្រួសារជាច្រើនចាយវាយលើការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ឬក្នុងស្រុក ។ ប៉ុន្តែបន្ទាបពីប្រជាជនត្រូវបានប្រាប់ឲ្យកាត់បន្ថយការធ្វើដំណើរហើយ មនុស្សជាច្រើនបានរកឃើញគំនិតថ្មីៗដើម្បីកម្សាន្តក្នុងផ្ទះដោយខ្លួនឯងវិញដែលជួយឲ្យពួកគេសន្សំថវិកាបានកាន់តែច្រើនដែរ ៕
ចែករំលែកព័តមាននេះ