ការផ្ទុះជំងឺកូវីដ ១៩ មិនត្រឹមតែបង្កើនតម្រូវការសម្រាប់ម៉ាស់មុខ និងអាល់កុលលាងដៃប៉ុណ្ណោះទេ តែវាក៏បានបង្កើតជាឱកាសថ្មីៗសម្រាប់ឲ្យក្រុមហ៊ុនបង្កើតផលិតផលដើម្បីឆ្លើយតបតាមតម្រូវការដែរ ។ ក្នុងពេលដែលអាជីវករគ្រាន់តែចង់ជៀសវាងការបិទដំណើរការអាជីវកម្មនេះ មានក្រុមហ៊ុនថ្មីៗមួយចំនួនដែលមើលឃើញការលក់កើនឡើងយ៉ាងខ្លាំងដែរ ។ខាងក្រោមគឺជាក្រុមហ៊ុនដែលបានបង្កើតផលិតផលពេញនិយមដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ ។

១. Surfacide
នៅចុងខែមករាកន្លងមកនេះ សហគ្រិន ហ្គាន់ណឺ លីស្លូ (Gunner Lyslo) បានទទួលព័ត៌មានពីអ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់ថា រដ្ឋាភិបាលចិនប្រហែលជាមិនមានសមត្ថភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ទេ ។ ជាលទ្ធផលសហគ្រិនខាងលើបានដឹកនាំឲ្យក្រុមហ៊ុនដែលជាក្រុមហ៊ុនផលិតប្រព័ន្ធកម្ចាត់មេរោគលើផ្ទៃសម្ភារៈផ្សេងៗ ឲ្យត្រៀមខ្លួន។
Helios System មានរូបរាងដូចកង្ហារឈរមួយដែលប្រើពន្លឺ UV-C ដើម្បីសម្លាប់មេរោគ ។ វាត្រូវបានដាក់លក់លើទីផ្សារតាំងពីឆ្នាំ ២០១០ មក ហើយភាគច្រើនត្រូវបានប្រើប្រាស់ក្នុងមន្ទីរពេទ្យ ។ បច្ចុប្បន្ននេះ ភោជនីដ្ឋាន សណ្ឋាគារ និងទីកន្លែងទេសចរណ៍ជាច្រើនក៏បានទិញដែរ ។
២. Sanigirl
អ្នកស្រី ស៊ូសាន់ ថមសាន់ (Susan Thompson) បានបង្កើតបង្គន់ដាក់តាមខ្លួនសម្រាប់ស្ត្រីកាលពីឆ្នាំ ២០១៩ សម្រាប់អ្នកចូលចិត្តបោះជំរុំ និងឡើងភ្នំជាដើម ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្តោតលើស្ត្រីដែលមិនចង់ប្រើបន្ទប់ទឹកសាធារណៈដើម្បីការពារខ្លួនពីកូវីដ ១៩ ។
៣. Proxy
Proxy គឺជាបច្ចេកវិទ្យាដែលមិនចាំបាច់ត្រូវការការប៉ះដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បើកទ្វារ ចាក់សោរ និងចុចហៅជណ្តើរយន្តដោយប្រើស្មាតហ្វូនរបស់ខ្លួន ។ លោក ដេនីស ម៉ាសន៍ (Denis Mars) និង សាយម៉ុន រ៉ាតនឺ (Simon Ratner) បានដាក់ Proxy លក់លើទីផ្សារក្នុងឆ្នាំ ២០១៦ ដែលភាគច្រើនត្រូវបានលក់ឲ្យក្រុមហ៊ុនអចលនទ្រព្យ ។
Proxy មើលឃើញកំណើននៃតម្រូវការដែរព្រោះអាជីវកម្មកាន់តែច្រើនកំពុងរកវិធីដើម្បីកាត់បន្ថយការរាតត្បាតនៃកូវីដ ១៩ នេះ ៕
ចែករំលែកព័តមាននេះ