ប្រទេសយេម៉ែន ៖ ដោយដកស្រង់សម្ដីអ្នកនាំពាក្យក្រុមចម្រុះម្នាក់ ទីភ្នាក់ងារព័ត៌មានផ្លូវការអារាំប៊ីសាអូឌីត រាយការណ៍នាថ្ងៃទី១៣ កក្កដាថា ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ីសាអូឌីត ដែលធ្វើអន្តរាគមន៍យោធានៅប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ២០១៥មក បានស្ទាក់កម្ទេចគ្រាប់រ៉ុក្កែត២គ្រាប់និងកម្ទេចដ្រូនផ្ទុកគ្រឿងផ្ទុះ៦គ្រឿង ដែលបាញ់ចេញនិងបង្ហោះដោយពួកឧទ្ទាមស៊ីអ៊ីតហ៊ូធីយេម៉ែន សំដៅទៅអារ៉ាប៊ីសាអូឌីត ។
ប្រតិបត្តិការយោធាថ្មីមួយប្រឆាំងពួកឧទ្ទាមហ៊ូធី ត្រូវបានបើកធ្វើតាំងពីដើមខែនេះមក ដោយ
ក្រុមចម្រុះនាំមុខដោយអារ៉ាប៊ីសាអូឌីត ដើម្បីជាការសងសឹកចំពោះការវាយប្រហារនានារបស់ពួកឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ក្នុងដែនដីអារ៉ាប៊ីសាអូឌីត ។
សង្គ្រាមនៅយេម៉ែននៅបន្តរកទីបញ្ចប់មិនទាន់ឃើញ ក៏ទោះបីមានអន្តរាគមន៍របស់ អ.ស.ប ធ្វើជាអាជ្ញាកណ្ដាលក្នុងការចរចាហើយមានការរីកចម្រើនតិចតួចបំផុត គឺគ្រាន់តែមានការដោះដូរ
ឈ្លើយសឹកគ្នាខ្លះប៉ុណ្ណោះ ។ សង្គ្រាមក្នុងប្រទេសនោះបណ្ដាលឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់មួយផងដែរ ។
អារ៉ាប៊ីសាអូឌីតក្នុងប្រតិបត្តិការរបស់ខ្លួនធ្វើជាពិសេសតាមរយៈការទម្លាក់គ្រាប់បែក តែពួកឧទ្ទាមហ៊ូធីតែងធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត មីស៊ីល និងដ្រូនផ្ទុកគ្រឿងផ្ទុះជាញឹកញាប់ទៅលើដែនដីអារ៉ាប៊ីសាអូឌីតវិញ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ