ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ក្រីក្រ​ពិការ​ជើង​​ទាំង​សង​ខាង​​ពី​កំណើត​ម្នាក់​​​បាន​ទទួល​ផ្ទះ​មួយខ្នង​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២០២០ លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​…

ខេត្ត​ត្បូងឃ្មុំ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២០២០ លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​ និង​លោក​ជំទាវ ​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​ប្រគល់​​​ផ្ទះ​មួយខ្នង​​ធ្វើអំពី​ថ្ម​ដំបូលប្រក់ស័ង្កសី​មានទំហំ​​៥ម៉ែត្រគុណ​​​នឹង​៦ម៉ែត្រជូន​​បុរស​ពិការ​ជើង​ទាំងសងខាង​ពី​កំណើត​​ឈ្មោះថែ ម៉ុង អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​ដឹក​ពរ ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ​។ ក្នុងឱកាសនោះដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ ស៊ា​ក ឡេ​ង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​លោក​ ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​ត្បូងឃ្មុំ និង​សហការី នាយក​មូលនិធិ​ជន​ពិការផងដែរ​ ។

លោក ជួរ រតនៈ នាយក​មូលនិធិ​ជន​ពិការ​បាន​បញ្ជាក់​ថា​ ផ្ទះ​មួយ​ខ្នង​នេះ​ចំណាយ​អស់​ថវិកា​ជាង​១៦​លាន​រៀល ដែល​ជា​ថវិកា​បាន​មក​ពី​អំណោយ​សប្បុរសធម៌​របស់​​សប្បុរសជន​​ដែល​បាន​បរិច្ចាគ ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជន​ពិការ ដែល​ហិប​នេះ​បាន​ដាក់​នៅ​តាម​វត្ដ​អារាម កន្លែង​ទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ​។​ល​។

លោកនាយក​មូលនិធិ​ជន​ពិការ​បន្ត​ថា ចំពោះ​ការ​ផ្ដល់​ជូន​ផ្ទះ​ថ្មី​មួយ​ខ្នង​ជូន​ជន​ពិការ​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិនិត្យ និង​វាយតម្លៃ​របស់​គណៈកម្មការ​ត្រួត ពិនិត្យ​និង​វាយតម្លៃ​ការ​សាងសង់​ផ្ទះ ជូន​ជន​ពិការ​ក្រីក្រ នៅ​តាម​សហគមន៍​របស់​មូលនិធិ​ជន​ពិការ ដែល​ក្នុង​នោះ​គណៈកម្មការ​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផ្ទាល់ ដោយ​មានការ​ស្នើ​សុំ​ពី​សាខា​មូលនិធិ​ជន​ពិការ​ខេត្ត ព្រមទាំង​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ជិតខាង គឺ​ពិតជា​ជន​ពិការ​ក្រីក្រ​​រស់នៅ​​ក្នុង​ផ្ទះ​ខ្ទម​ចាស់​ទ្រុឌ​ទ្រោម និង​មាន​ចំណូល​តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​។

ឱកាស​នោះ​ដែរ ឯ​លោក​​រដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មូលនិធិ​ជន​ពិការ ដែល​បាន​ព្យាយាម​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា យក​មក​សាង​សង់ផ្ទះ​ជូន​ជន​ពិការ​នៅ​ថ្ងៃនេះ​។

​លោក​​រដ្ឋមន្ត្រី វង សូត បាន​បន្ត​ថា តាម​រយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត បាន​និង​កំពុង​បើក​ផ្តល់​ប្រាក់​របប​គោលនយោបាយ​ប្រចាំខែ សម្រាប់​ជន​ពិការ​ជា​អតីត​យុទ្ធ​ជន​ចំនួន​១.១៩២​នាក់ និង​បាន​ផ្តល់​ជា​ប្រាក់​របប​គោលនយោបាយ​សម្រាប់​ជន​ពិការ​ក្រីក្រ តាម​សហគមន៍​បាន​ចំនួន​២០០៩​នាក់ ឆ្នាំ​២០១៩​កន្លង​មក​។

លោករដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ បាន​បន្ត​ថា ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​ក្នុង​នោះ​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដែល​មាន​កុមារ​អាយុ​ចាប់ពី​០​ទៅ​៥​ឆ្នាំ មនុស្ស​ចាស់​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ សមាជិកគ្រួសារ​ដែល​មាន​ជំងឺអេដស៍ និង​ជា​ពិសេស​ជន​ពិការ ដែល​ងាយ​រង​គ្រោះ​ទាំងអស់ នឹង​ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម ទៅ​ក្នុង​គ្រួសារ​ក្រីក្រ ដែល​មាន​ប័ណ្ណ​សមធម៌ ជា​គោលការណ៍​ទទួល​បាន​១២​ម៉ឹ​ន​រៀល​ក្នុង​១​ខែ សម្រាប់​នៅ​ទីប្រជុំជន​និង​រាជធានី​ភ្នំពេញ ទទួល​បាន​៨​ម៉ឺន​រៀល​ក្នុង​ខែ សម្រាប់​នៅ​ជនបទ​។

ម្យ៉ាងវិញទៀត ​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក ក្រោយ​ពី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បាន​ជាង​៩០%​ហើយ ដោយ​មាន​ប្រជាជន​ក្រីក្រ និង​ងាយ​រង​គ្រោះ​ប្រមាណ​ជាង​២​លាន​នាក់ ស្មើនឹង​៥០​ម៉ឺន គ្រួ​សារបាន​ទៅ​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រួច​មក​ហើយ នេះ​គឺជា​ការ​យកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ