ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉កមួយបានបុកជាមួយនឹងរថយន្តបាឡែនចំពីក្រោយ រួចរេចង្កូតទៅបុកនឹងរថយន្តដឹកដីទៀត បណ្តាលឲ្យបុរសជាប្តីបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង២៩នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ចំណុចបង្គោលគីឡូលេខ ២៩៧ -២៩៨ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
សេចក្តីរាយការណ៍បន្តថា បុរសជាប្តីរងគ្រោះឈ្មោះ កាយ ម៉ាប អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកប្រពន្ធពីក្រោយឈ្មោះ ក្រឹម ស្រីខួន អាយុ២៥ឆ្នាំ រងរបួសធ្ងន់។ ចំណែករថយន្ដរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Y 94 79 បើកដោយឈ្មោះ ឆែម លាងសុង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ និងរថយន្ដដឹកដីមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A. 2621 បើកបរដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណ។

បើតាមលោកអធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ៦ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ដ២គ្រឿង។ មុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាកហុងដា បានដឹកប្រពន្ធពីក្រោយ ដោយបើកពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុករថយន្ដកាមរីបាឡែន ពណ៌ទឹកមាស ស្របទិសគ្នា ពីក្រោយពេញទំហឹងតែម្តង។
ប្រភពដដែលបន្តថា ខណៈពេលបុកពីក្រោយរថយន្តកាមរីបាឡែនរួច ម៉ូតូសណ្ដោងរ៉ឺម៉ក ក៏បានរេចង្កូតខ្ទាតទៅបុកជាមួយរថយន្ដដឹកដីមួយគ្រឿងផ្សេងទៀតដែលបើកក្នុងទិសដៅផ្ទុយពេញទំហឹងបន្ថែមទៀត បណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់បាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់។ ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្ដដឹកដីបានរត់គេចខ្លួនបាត់តែម្តង។

លោកបញ្ជាក់ថា ករណីគ្រោះចរាចរណ៍ខាងលើនេះ មូលហេតុគឺបណ្តាលមកពីម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ ចំពោះវត្ថុតាងទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ