រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅប្រឡាយស្ទឹងមានជ័យ ដែលបានរើទៅរស់នៅបណ្តោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ នឹងត្រូវប្ដូរទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមមាត់បណ្តោយប្រឡាយស្ទឹងមានជ័យវិញនៅចុងខែកក្កដានេះ ខណៈដែរការដ្ឋានស្ថាបនាប្រឡាយ និងផ្លូវអមប្រឡាយស្ទឹងមានជ័យនឹងរួចរាល់ឆាប់ៗនេះ ។

ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនាព្រឹកថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុង២ទសវត្សរ៍នេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋក៏បានកើនឡើងដូចគ្នាដែរនោះ។

ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញយ៉ាងកំហុសផងដែរ ខណៈដែលប្រទេសកម្ពុជាបានធ្វើសមាហរសមាហរណកម្មចូលគ្នា បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មកសង់លំនៅដ្ឋាននៅលើដីសាធារណៈរបស់រដ្ឋ ។ ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារបានមករស់នៅលើប្រឡាយ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរនិងធ្វើអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ ។

បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ គឺនៅក្នុងបំណាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបាន ឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឲ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឲ្យពួកគាត់នៅដីមួយឡូត៍ម្នាក់នៅតាមបណ្ដោយប្រឡាយបឹងស្ទឹងមានជ័យនេះ។

លោកឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍ក្រីក្រ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅផងដែរ ៕
ចែករំលែកព័តមាននេះ