អាមេរិក៖ តារាសម្តែងនាង Kelly Preston ដែលជាភរិយារបស់តារាសម្តែងហូលីវូដដ៏ល្បីលោក John Travolta បានទទួលមរណភាពក្នុងអាយុ ៥៧ ឆ្នាំ ក្រោយពីបានប្រឹងតស៊ូជាមួយនឹងជំងឺមហារីកសុដន់អស់រយៈពេលជាង ២ ឆ្នាំកន្លងទៅ ។

តារាសម្តែងប្រុសដែលភាគច្រើនដើរតួអង្គជាបុរសកាច និងឃោរឃៅបាញ់ប្រហារដៃឆៅ លោក Travolta បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា «ភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំឈ្មោះ Kelly បានបាត់បង់ការតស៊ូរយៈពេល ២ ឆ្នាំដោយជំងឺមហារីកសុដន់» ។

ប្តីប្រពន្ធអ្នកសិល្បៈនេះបានរៀបការ និងរួមរស់ជាមួយគ្នាជិត ២៩ ឆ្នាំហើយ ។ អាជីពសម្តែងរបស់តារាស្រីរូបនេះ គឺនាងបានសម្តែងនៅក្នុងរឿងល្បីៗជាច្រើនដូចជា Twins, From Dusk Till Dawn, Jerry Maguire និង The Cat in the Hat ។ នាងក៏បានសហការសម្តែងរួមគ្នាជាមួយប្តីរបស់នាងនៅក្នុងរឿង Battlefield Earth and Gotti ។

នៅក្នុងការបង្ហោះសាររបស់ខ្លួន តារាសម្តែងប្រុសដែលមានចង្កាព្រែកស្រស់សង្ហារូបនេះក៏បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលដែលបានមើលថែរក្សាភរិយារបស់គាត់ «ក៏ដូចជា មិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់នាងជាច្រើននាក់ ដែលនៅក្បែរនាង» ។
លោក John Travolta បាននិយាយថា «ខ្ញុំនឹងចំណាយពេលខ្លះដើម្បីនៅទីនោះសម្រាប់កូនៗរបស់ខ្ញុំដែលបានបាត់បង់ម្តាយរបស់ពួកគេដូច្នេះសូមអភ័យទោសខ្ញុំជាមុនប្រសិនបើអ្នកមិនបានទទួលបានការឆ្លើយតបពីពួកយើងមួយរយៈ។ប៉ុន្តែសូមដឹងថាខ្ញុំនឹងទទួលដឹងអារម្មណ៍ពីការស្រឡាញ់របស់អ្នក នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ និងជាដរាបតទៅ» ។
សូមរម្លឹកថា កូនប្រុសរបស់ប្ដីប្រពន្ធដែលជាតារាសម្តែងនេះ មានឈ្មោះថា Jett Travolta បានស្លាប់នៅអាយុ ១៦ ឆ្នាំក្នុងខែមករាឆ្នាំ ២០០៩ ដោយខ្យល់.គ ពេលវិស្សមកាលគ្រួសារនៅបាហាម៉ា។ ពួកគេក៏មានមានកូនពីរនាក់ទៀតគឺ Ella Bleu និង Benjamin ផងដែរ ៕
ចែករំលែកព័តមាននេះ