ការឆ្លងរាលដាលនៃវីរុសCOVID-19 ៖ អង្គការសុខភាពពិភពលោកWHOកត់សម្គាល់ឃើញ នាថ្ងៃទី១២កក្កដាអ្នកឆ្លងវីរុសCOVID-19ថ្មីដល់ទៅជាង២៣០.៣៧០នាក់លើពិភពលោក ២៤ម៉ោងចុងក្រោយនេះ ដែលនោះជាចំនួនដ៏ច្រើនបំផុតមួយ។

ការកើនឡើងខ្លាំងបំផុតនៃអ្នកឆ្លងគឹនៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌានិងអាហ្វ្រិកខាងត្បូង។ ចំនួនអ្នកឆ្លងវីរុសប្រចាំថៃ្ងដែលមានខ្ពស់បំផុត កត់សម្គាល់ឃើញកាលពីថ្ងៃទី១០កក្កដាកន្លងទៅ ជាមួយអ្នកឆ្លងថ្មី២២៨.១០២នាក់។ ចំណែកចំនួនអ្នកស្លាប់នៅនឹងប្រមាណជា៥.០០០នាក់ក្នុង១ថ្ងៃលើពិភពលោក។

យោងតាមតុល្យការរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំនួនអ្នកឆ្លងវីរុសលើពិភពលោក គិតមកដល់ថ្ងៃទី១២កក្កដាមានជាង១៣លាននាក់ ដែលនោះបង្ហាញពីការឆ្លងរាលដាលដ៏លឿននៃវីរុសនេះ ដែលសម្លាប់មនុស្សជាង៥៦៦.០០០នាក់ហើយលើពិភពលោកក្នុងរយៈពេលតែ៧ខែ។
ជាលើកដំបូងចាប់តាំងពីបញ្ចប់ការបង្ខាំងមនុស្សនៅអេស្ប៉ាញមក មនុស្សជាង ២០០.០០០នាក់ត្រូវបង្ខាំងជាថ្មី ឲ្យនៅក្នុងផ្ទះក្នុងតំបន់មួយនៅកាតាឡូញភាគឦសានប្រទេស ដើម្បីតស៊ូ ប្រឆាំងការកើនខ្លាំងឡើងវិញនៃចំនួនអ្នកឆ្លងវីរុស។ តំបន់ដែលត្រូវបង្ខាំងជាថ្មីនោះ ស្ថិតនៅជុំវិញទីក្រុងឡឺរីដា ចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ពីបណ្ដាកន្លែងកម្សាន្តមាត់សមុទ្រ ដែលពួកអ្នកទេសចរនិយមទៅនៃឆ្នេរសមុទ្រកាតាឡូញ។

ចំណែកប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានសម្រេច កាលពីថ្ងៃទី១២កក្កដាដាក់ឡើងវិញបម្រាមគោចរណ៍ ហើយឲ្យផ្អាកជាថ្មីការលក់ស្រាប្រឈមមុខនឹងការកើនជាថ្មីនៃចំនួនអ្នកឆ្លងវីរុសក្នុងប្រទេស។ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានអ្នកឆ្លងវីរុសដល់ទៅប្រមាណជា១២.០០០នាក់ក្នុង១ថ្ងៃ ក្នុងប្រទេសនោះដែលមានអ្នកស្លាប់សរុប ៣.៩៧១នាក់ តាំងពីមានការឆ្លងក្នុងប្រទេសមក។
ប្រទេសហុងគ្រីនឹងហាមឃាត់ចាប់ពីថ្ងៃទី១៤កក្កដាទៅ នូវការចូលក្នុងដែនដីខ្លួនជនជាតិ នៃបណ្ដាប្រទេសអាហ្វ្រិកក៏ដូចជាអាមេរិកខាងត្បូង ប្រទេសអាសីុភាគច្រើននិងរដ្ឋអឺរ៉ុបមួយចំនួន ដោយលើកពីការកើនខ្លាំងឡើងវិញនៃចំនួនអ្នកឆ្លងវីរុសលើពិភពលោក។
នៅសហរដ្ឋអាមេរិក គេគ្រោងធ្វើនូវរាល់អ្វីៗដើម្បី ចៀសវាងការឆ្លងរាលដាលខ្លាំងវិញនៃវីរុសក្នុងរដ្ឋនានារបស់ប្រទេស ដែលការឆ្លងកំពុងមានការកើនខ្លាំង ក្នុងនោះរួមមានការបង្ខាំងដោយមឺុងម៉ាត់។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ក្រោយចំនួនអ្នកឆ្លងមានកម្រិតកំពូលថ្មីនៅសហរដ្ឋអាមេរិក។
យោងតាមតួលេខរបស់AFPដែលដកស្រង់ប្រភពផ្លូវការទាំងឡាយ នាថ្ងៃទី១២កក្កដា គិតត្រឹមម៉ោង១៩ម៉ោងសកលថា ការឆ្លងរាលដាលនៃវីរុស បណ្ដាលឲ្យមនុស្សស្លាប់ឡើងដល់យ៉ាងតិច៥៦៦.០៧៥នាក់ហើយ លើពិភពលោកជាមួយអ្នកឆ្លងសរុបជាង១៣លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេជាមួយអ្នកស្លាប់១៣៥.០៦៦នាក់ ប្រេសីុលអ្នកស្លាប់ឡើងដល់ជាង៧២.០០០នាក់ អង់គ្លេសស្លាប់៤៤.៨១៩ អ៊ីតាលីស្លាប់៣៤.៩៥៤នាក់និងម៉ិកស៊ិកស្លាប់៣៤.៧៣០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ