ខេត្តសៀមរាប ៖ តាមការអះអាងពីលោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាបបានឱ្យដឹងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះថា មានករណីជនបរទេសម្នាក់មានសតិមិនប្រក្រតី បានចូលផឹកស្រាបៀរក្នុងហាង ហើយមិនបង់ប្រាក់ ត្រូវបានម្ចាស់ហាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់ហាងខាងលើនេ ភ្លាមសមត្ថកិច្ចបានចុះដល់ទីតាំងហាងខាងលើ ដើម្បីពិនិត្យ ឃើញថា ជនបរទេសម្នាក់ខាងលើនេះមានឈ្មោះ GUSTAFSSON JANNE JUHANI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៥៩៧៩០៧ (មិនមានទិដ្ឋាការស្នាក់នៅ) និងមានសតិមិនប្រក្រតី មិនអាចធ្វើការសាកសួរបាននោះទេ ។
លោកបានបញ្ជាក់បន្តថា កន្លងមកជនបរទេសម្នាក់នេះតែងតែធ្វើសកម្មភាពចូលយកម្ហូបអាហារ ភេសជ្ជៈ និងស្រាបៀរនៅក្នុងភោជនីយដ្ឋានផ្សេងៗហូប ហើយមិនបង់ប្រាក់ជាច្រើនដងមកហើយ ។ សកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប និងធ្វើឱ្យម្ចាស់ភោជនីយដ្ឋានមួយចំនួនមានការព្រួយ បារម្ភ និងបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ហើយលោកស្នើសុំឱ្យសមត្ថកិច្ចជួយចាត់វិធានការដោះស្រាយផងដែរ។
បច្ចុប្បន្ន ជនបរទេសម្នាក់ខាងលើត្រូវបានសមត្ថកិច្ចស្នើសុំគោលការណ៍ទៅថ្នាក់លើ ដើម្បី ចាត់ការបន្តតាមនីតិវិធីនៃច្បាប់ អន្តោប្រវេសន៍នៃប្រទេសកម្ពុជា៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ