អង់គ្លេស ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រសិនបើដើរចូលក្នុងហាងដែលមមាញឹកណាមួយនៅក្នុងប្រទេសអង់គ្លេស ឬជិះរថភ្លើងលើប្រព័ន្ធក្រោមដីចង្អៀតនៅទីក្រុងឡុង ហើយអ្នកនឹងឃើញមនុស្សរាប់សិបនាក់មិនមានពាក់ម៉ាសនោះទេ។
រឿងទាំងអស់នេះកំពុងកើតឡើង ទោះបីចក្រភពអង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក ដោយសារជំងឺកូវីដ១៩ក៏ដោយ។ ប្រទេសនេះឈរនៅលំដាប់ទី៣ បន្ទាប់ពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ទាក់ទងនឹងចំនួនមនុស្សដែលត្រូវបានបាត់បង់ជីវិតដោយសារតែវីរុសដ៏សាហាវនេះ ដែលមានអ្នកបាត់បង់ជីវិតជិត ៤៥,០០០នាក់។ ប្រទេសទាំងបី ដែលមានអ្នកបាត់បង់ជីវិតច្រើនជាងគេ ក៏មានប្រជាជនមិនពាក់ម៉ាស់ច្រើនផងដែរ។

ប្រមុខបណ្ឌិតសភាវិទ្យាសាស្ត្រជាតិចក្រភពអង់គ្លេស លោក Venki Ramakrishnan បាននិយាយកាលពីថ្ងៃអង្គារ៍ថា៖ «ចក្រភពអង់គ្លេស កំពុងដើរតាមពីក្រោយប្រទេសជាច្រើនទាក់ទងនឹងការពាក់ម៉ាស»។
គួរបញ្ជាក់ផងដែរថា នៅពេលនេះករណីឆ្លងកូវីដ១៩ សរុបនៅក្នុងចក្រភពអង់គ្លេសមានចំនួន ២៨៩,៦០៣ករណី ករណីបាត់បង់ជីវិតសរុប ៤៤,៨១៩ និង ករណីជាសះស្បើយសរុបមិនទាន់ចេញជាតួលេខ៕ ដកស្រង់វេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ