រាជធានីភ្នំពេញ ៖ និន្នាការបច្ចុប្បន្ននៅប្រទេសកម្ពុជាសកម្មភាពនៃការលក់ផលិតផលតាមអនឡាញ ឬការឡាយលក់ផលិតផលរាប់ចាប់តាំងពីគ្រឿងបរិភោគ រហូតដល់ការលក់ឡេ និងគ្រឿងសម្អាង មានការកក្រើនតាមសង្គមបណ្តាញសង្គមហ្វ៊េសប៊ុក ។

ក្នុងនោះផងដែរ ក៏មានការប្រកាសជ្រើសរើសតំណាងពីសំណាក់ម្ចាស់ផលិតផលមួយចំនួន ហើយក៏មានពលរដ្ឋមួយចំនួនក៏បានចូលធ្វើជាតំណាងចែកចាយនូវផលិតផលទាំងនោះទៀតផង ។
ប៉ុន្តែបើយោងតាមអ្នកជំនាញផ្នែកលក់បានឱ្យដឹងថា វាមានហានិភ័យខ្ពស់ ប្រសិនបើយើងមិនបានស្គាល់ច្បាស់អំពីផលិតផលនោះក៏ដូចជា ប្រភពច្បាស់លាស់នៃរោងចក្រ ឬម៉ាកសញ្ញានៃផលិតផល ហើយក៏ចូលធ្វើតំណាងលក់នោះ ។

លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&Lគ្រុប បានលើកឡើងថា ដូចកាលពីគ្រាមុន គេចាប់ផ្តើមផ្អើលទិញដីឡូតិ៍ ក៏ប៉ុន្តែឥឡូវនេះចាប់ផ្តើមនិយាយអំពីតំណាងចែកចាយ ដូចនេះលោកស្រីបានលើកយកប្រធានបទនេះមកធ្វើការបកស្រាយ ដើម្បីចែករំលែកនូវគន្លឹះមួយចំនួនដល់បងប្អូនក៏ដូចជា ស្ត្រីៗយើងដែលចង់ចូលធ្វើជាតំណាងលក់ផលិតផលណាមួយនោះ ដើម្បីកុំឲ្យមានបញ្ហាដល់ខ្លួន និងអតិថិជន ។
លោកស្រី តាំង ហ្គេចលៀង បាននិយាយថា «សូមធ្វើការវិភាគឡើងវិញទាំងអស់គ្នា ថា តើការដែលចង់ធ្វើតំណាងចែកចាយ គឺជាក្តីសង្ឃឹមដ៏មុតមាំមួយសម្រាប់បងប្អូនបន្តទៅដែរឬទេ ។ ខ្ញុំមិនបានសំដៅលើម្ចាស់ប្រ៊ែនទាំងអស់ក្នុងប្រទេសទេ តែខ្ញុំនិយាយសម្រាប់ម្ចាស់ប្រ៊ែនមួយចំនួនតែប៉ុណ្ណោះ ។ ម្ចាស់ប្រ៊ែនខ្លះស្គាល់ពីផលប៉ះពាល់របស់ផលិតផលខ្លួន តែម្ចាស់ខ្លះទៀតពិតជាមិនបានដឹង ឬស្គាល់ពីផលប៉ះពាល់របស់ផលិតផលនោះមែន» ។
ដូចនេះ លោកស្រី ហ្គេចលៀង បានបន្តបកស្រាយថា ផលិតផល និងហានិភ័យក្នុងទីផ្សារ តើលទ្ធផលចុងក្រោយនឹងមានអ្វីកើតឡើង ។ យើងចូលរួមគិតទាំងអស់គ្នា ថា តើយើងគួរដោះស្រាយរឿងនឹងដោយវិធីណា ព្រោះថា ផលប៉ះពាល់នេះពិតជាធ្ងន់មែនទែន និងអ្នកដែលទទួលរងគ្រោះគឺច្រើនទៅៗ ។
លោកស្រី ហ្គេចលៀង បាននិយាយដូចនេះថា «តើតំណាងចែកចាយ ល្អឬមិនល្អ តើយើងគួរធ្វើ ឬមិនគួរធ្វើ ? ។ បងប្អូនសាកគិតមើលចំណុចមួយ នេះខ្ញុំនិយាយរឿងផលិតផលមុន តើពិភពលោក បានទទួលស្គាល់អត់ ឬក៏បងបងប្អូន គ្រាន់តែមើលឃើញ ក្រដាស់មួយសន្លឹក ដែលបញ្ជាក់ពីក្រសួងអ្វីមួយដែលទទួលស្គាល់អ្វី ប៉ុណ្ណឹង ហើយបងប្អូនយកជាការ ។ បងប្អូនអាចគិតត្រឹមចំណុចងាយស្រួលមួយបានហើយ តើមានទេឡេរមួយខ្លងអាចលាបបានគ្រប់ស្បែកទាំងអស់ ប្រសិនបើយើងមានមិត្តភ័ក្ត្រ ឬបងប្អូនជាពេទ្យសើស្បែក យើងអាចទៅសួរពួកគាត់បាន ។ ធម្មតាស្បែកមុខរបស់យើង មិនអាចផលិតផលមួយអាចប្រើត្រូវទាំងអស់ទេ ។ យើងអាចគិតទៅដល់រោងចក្ររបស់ផលិតផលថា តើរោងចក្រគេធំប៉ុណ្ណា តើយើងអាចជឿជាក់ផលិតផលនឹងបានប៉ុណ្ណា ។
ម្យ៉ាងវិញទៀត គួរមើលលើទីផ្សារផលិតផលហ្នឹងមានអាយុកាលនៅក្នុងស្រុកយើងបានយូរប៉ុណ្ណា ហើយតើយើងម្នាក់ៗ បានយល់ដឹង និងស្វែងយល់អំពីរឿងមហារីកស្បែកទេ ។ ខ្ញុំមិនមែនពេទ្យទេ តែខ្ញុំគ្រាន់តែជឿជាក់ថា វាគ្មានថ្នាំ ឬផលិតផលណាមួយ អាចលេបប្រើត្រូវគ្រប់ស្បែក ឬទាំងអស់ទេ» ។
លោកស្រី ហ្គេចលៀង បានបន្ថែមថា «យើងគួរគិតលើទីផ្សារដែរថា តើយើងបានដឹងទេថា ក្រៅពីស្រុកយើង តើប្រ៊ែននេះមាននៅក្នុងទីផ្សារក្រៅស្រុកអត់ ។ តម្លៃទៅលើប្រ៊ែនប្រ៊ែនដែលមានលើពិភពលោក ហើយបើយើងចង់បាន យើងត្រូវចុះហត្ថលេខាកុងត្រាជាមួយគេទើបយើងអាចយកមកលក់បាន ហើយប្រ៊ែនគេហ្នឹង គឺគេប្រគល់ឱ្យតំណាងមួយៗដាច់ ហើយរោងចក្រគេក៏ធំទៀត ។ តើយើងបានទៅឃើញផ្ទាល់ភ្នែកឬនៅ បានដឹងទេថា តម្លៃនឹងសាកសមជាមួយផលិតផលទេ»។ លោកអ្នកធ្វើដំណាងចែកចាយផលិតផល ឬធ្វើជាអ្នកលក់ផលិតផល? នេះជាសំណួរដែល លោកស្រី ហ្គេចលៀង ចោទជាសំណួរ ។
លោកស្រីបានបន្តទៀតថា កត្តាអ្វីខ្លះដែលធ្វើឱ្យបងប្អូន ទទួលយកផលិតផលនោះមកធ្វើជាតំណាងចែកចាយ ដោយសារឃើញគាត់មានលុយ មានពេជ្រពាក់ មានឡានជិះហ៊ឺហារមែនទេ ? ។ លោកស្រី ហ្គេចលៀង បានមានប្រសាសន៍បន្ថែមថា « ឥឡូវយើងងាកមកមើលថា គាត់មានលុយ មានឡាន ចុះមានបានដឹងថា គាត់ស្នាក់នៅផ្ទះរបៀបម៉េច មានកេរ្តិ៍ឈ្មោះក្នុងសង្គមរបៀបម៉េច មិនមែនអ្វីដែលបងប្អូនមើលឃើញក្នុងបណ្តាញហ្វ៊េសប៊ុក អាចវាយតំលៃថាគាត់គឺជា មនុស្សល្អទេ ។ យើងមើលថា តើការល្អរបស់គាត់ គឺទើបតែមានក្នុងពេលដែលគាត់ចាប់ផ្តើមលក់ ឬក៏ជាមនុស្សម្នាក់រកស៊ីជោគជ័យពិតប្រាកដមែន ឬក៏មិនមែន» ។
លោកស្រី បានបន្តថា នេះគឺគេហៅថាការ ជឿជាក់លើមនុស្ស និងប្រ៊ែន ហើយសូមបងប្អូនកុំមើលឃើញ គេឡាយម្តងៗ គេគប់លុយទាំងម៉ឺនៗ តើបងប្អូនជឿដែរឬអី តើលុយនោះពិត ឬមិនពិត ហើយលុយជាលុយអ្វី។ តើបងប្អូនត្រូវបានលុយនឹងទាក់ទាញ ឬក៏ផលិតផលមួយនឹងដែលបងប្អូនជឿជាក់»៕
ចែករំលែកព័តមាននេះ