ខេត្តកំពត ៖ កំពង់ត្រាចជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ល្អឯកនៅកម្ពុជា ភ្ញៀវអាចដើរលេងក្នុងល្អាងភ្នំ កំសាន្តនៅបឹងលំពូ ឬ ជិះទូកតាមព្រែក កំពង់ត្រាចទៅដល់សមុទ្រនៅត្រង់ចំណុចដៃព្រែកអង្កោល ។ គឺពិតជាអស្ចារ្យណាស់ និងជាឋានសួគិ៍ពិតប្រាកដរបស់ដែនដីសុវណ្ណភូមិមួយនេះ បើអភិរក្សភ្នំ បឹង និងព្រែក ហើយអភិវឌ្ឍន៍សេវាកម្មទេសចរណ៍បានល្អ ។

មិនបាច់ទៅលេងឯណាទៀតទេ គឺកម្ពុជាទឹកដីអច្ឆរិយៈ នៅតំបន់នេះរង់ចាំអ្នក ! ល្អាងព្រះនិព្វាន មានរូបសំណាកព្រះពុទ្ធចូលនិព្វានធំមួយ កសាងនៅឆ្នាំ១៩៦៣ ។ អ្នកខ្លះហៅល្អាងឈើទាល (មានដើមឈើទាលអាយុកាលពាន់ឆ្នាំ) ។

ក្នុងល្អាងព្រះនិពា្វនមាន ៖ ក្រឡើតនាគ អណ្តើក.ស ស្បែកដំរី បំពង់.ក.នាគ ក្រពះនាគ លោកយាយម៉ៅ ស្គរហនុមាន ជួងហនុមាន ស្តេចដំរី.ស រូបចម្លាក់ឋានតុសិត ស្គរល្ខោន និងសេនាព្រះភ័ក្ត្រ៨ ។ ល្អាងស្រែ១០០ មានស្តារឡាក់មីត ដុះឡើងលើដូចទំនប់ភ្លឺស្រែ និងប្រឡាយជាច្រើន ។

ក្នុងល្អាងនេះ មើលទៅលើនឹងឃើញគ្រែធ្វើពីឈើលាយថ្មសៀតជាប់លើជញ្ជាំងល្អាង ។ បច្ចុប្បន្ន នៅឃើញគ្រែ ។ ល្អាងខ្មោច (ពីមុនជាល្អាងប្រចៀវ តែសម័យប្រល័យពូជសាសន៍ ប៉ុល ពត យកមនុស្សស្លូតត្រង់ទៅសម្លាប់ចោលច្រើននៅទីនោះ ។ បច្ចុប្បន្នគេយកធាតុចេញអស់ហើយ។ នៅមានល្អាងច្រើនទៀត និងរូង (គេនិយមទៅលេង និងបួងសួង) ៖ ១- រូងតាឥសី មានអ្នកសច្ច: ឬតាឥសីទៅសំណាក់ធម៌ ។

ពេលបុណ្យទាន អ្នកស្រុកតែងតំណាលថា មានគេយកកន្ទេល និងចានដាក់នៅទីនោះ ដើម្បីឱ្យអ្នកស្រុកខ្ចី ។ ២- រូងនាគ មានថ្មរូបរាងដូចសត្វនាគ ។ មើលពីក្រៅថ្មនៅលើល្អាងដូចក្បាលនាគ ។ ៣- រូងក្រពើ មានរូបរាងដូចសត្វក្រពើ ។ ៤- រូងចំការមន ពីមុនមានចិនដាំដើមមននៅទីនោះ ចិញ្ចឹមកូននាងដើម្បីធ្វើសូត្រ ។ រូងក្នុងភ្នំកំពង់ត្រាច មានប្រមាណ១២០រូង ដែលគេសន្និដ្ឋានថា ជាតំណាង១២០ ជាតិសាសន៍ ។

តាមព្រហ្មញ្ញសាសនា គេមានជំនឿមកបន់ស្រន់នៅភ្នំកំពង់ត្រាចរហូតដល់សព្វថ្ងៃ ។ មានរៀបចំពិធីបុណ្យប្រចាំភូមិ ប្រណាំងគោ និងរបាំនៅពេលបុណ្យចូលឆ្នាំ ឬ បុណ្យភ្ជំបិណ្យ ។ ពីមុន ធ្លាប់ធ្វើពិធីសុំទឹកភ្លៀង (ឥឡូវអត់ធ្វើ) ។ មានវត្ត១ឈ្មោះ គិរីសិលា សង់នៅឆ្នាំ១៩៩១ ដោយពុទ្ធបរិស័ទ្ធនៅជុំវិញភ្នំ ។ ភ្នំកំពង់ត្រាច ប្រហែលជាត្រូវបានកកើតឡើងនៅស័កទី២ (សម័យដាយណូស័រ) នៃប្រវត្តិកកើតផែនដី ។ តួភ្នំទាំងមូលជាប្រភេទថ្មកំបោរ និងលាយថ្មក្រានីតខ្លះនៅក្នុងល្អាង ។

ប្រជាជនយកថ្មក្រានីតទៅធ្វើចាន ។ មានរោងសិប្បកម្មស្ថិតនៅចំងាយប្រមាណ៥០០ម ពីភ្នំកិនថ្មក្រានីតជាថ្មស ឬស្មាកូតសម្រាប់យកទៅបៀកជញ្ជាំង ឬដើម្បីយកទៅធ្វើចាន ។
ប្រភព ៖ Heritages Daily – បេតិកភណ្ឌប្រចាំថ្ងៃ ៕

ចែករំលែកព័តមាននេះ