ខេត្តឧត្តរមានជ័យ ៖ លោកវរៈសេនីយ៍ត្រីហួយ វន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអា វុធហត្ថខេត្តឧត្តរមានជ័យបានទទួលមរណៈភាព កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ កក្កដា២០២០ មូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងស្លាប់ចោលប្រពន្ធនឹងកូន ។

ហេតុការណ៍កើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតនៅចំណុចភូមិវាលឈ្លីក ឃុំចុង កាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបាននិយាយរៀបរាប់ថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបើកបររថយន្តតាមដងផ្លូវជាតិ បើកបរក្នុងស្ថានភាពល្បឿនលឿនលុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះរ៉េចង្កូតពាសពេញផ្លូវ ហើយធ្លាក់ពីលើផ្លូវទៅខាងឆ្វេងដៃជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានកងកម្លាំងបេអឹមជាច្រើននាក់នាំយកទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ ។

យោងតាមការឱ្យដឹងពីកម្លាំងអាវុធហត្ថបានឱ្យដឹងថា ជនរងគ្រោះលោកវរៈសេនីយ៍ត្រី ហួយ វនជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តឧត្តរមានជ័យ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរបើកបររថយន្តទៅផ្ទះរបស់ខ្លួន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់នាំយកមកសង្គ្រោះបានទទួលមរណៈភាព នៅពេលដល់មន្ទីរពេទ្យ ខណៈនេះសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ