អន្តរជាតិ ៖ ខ្សែងាត់វីដេអូមួយបានលេចចេញ ដែលបង្ហាញពីខ្សែប្រយុទ្ធក្រុម Borussia Dortmund គឺកីឡាករ Erling Haaland ត្រូវបានសន្តិសុខបណ្តេញចេញពីក្លិបកម្សាន្តមួយកន្លែងនៅក្នុងប្រទេសន័រវែស។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិន័រវែសវ័យ ១៩ឆ្នាំរូបនេះ បានសម្រាកលំហែកាយនៅប្រទេសន័រវែស បន្ទាប់ពីការប្រកួតក្របខណ្ឌ Bundesliga ត្រូវបានបញ្ចប់រដូវកាលនេះ។

ខ្សែអាត់វីដេអូមួយបានបង្ហាញពីសមាជិកសន្តិសុខក្លិបកម្សាន្តម្នាក់ កំពុងរុញច្រានកីឡាករ Haaland ដែលធ្វើឱ្យអ្នកទាំងពីរមានការប៉ះពាក្យសម្តីគ្នា។ បន្ទាប់មកបុរសសន្តិសុខម្នាក់នោះ បានដើរចេញទៅហើយ ប៉ុន្តែ Haaland ហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំង ខណៈមានមនុស្សពីរនាក់ បានព្យាយាមរារាំងកីឡាកររូបនេះ។ នៅមិនទាន់មានការបញ្ជាក់ពីដំណើរដើមទងណាមួយជុំវិញបញ្ហា ដែលឈានរហូតដល់មានការប៉ះទង្គិចពាក្យសម្តីខ្លាំងៗដាក់គ្នាបែបនេះនៅឡើយទេ។

សូមរំលឹកថា Erling Haaland បានសម្រេចផ្លាស់ពី Red Bull Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមករា ដោយបានបង្ហាញខ្លួនចំនួន ១៨ប្រកួតស៊ុតបញ្ចូលទីបាន ១៦គ្រាប់គ្រប់កម្មវិធីទាំងអស់សម្រាប់រដូវកាលនេះ៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ