ប្រទេសអ៊ីស្រាអែល ៖ មនុស្សជាច្រើនម៉ឺននាក់កាលពីថ្ងៃទី១១ កក្កដា បានប្រមូលផ្ដុំគ្នានៅទីលានរ៉ាប៊ីន ក្រុងតែលអាវីវ ដើម្បីធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងមិនបានល្អការឆ្លងរាលដាលនៃវីរុស COVID-19 និងបណ្ដាផលវិបាកដោយរដ្ឋាភិបាលអ៊ីស្រាអែល ។
ប៉ូលិសអ៊ីស្រាអែលមិនបានផ្ដល់ការវាយតម្លៃ លើចំនួនបាតុករឡើយ តែទូរទស្សន៍រដ្ឋ KAN 11
អះអាងថា មនុស្សដល់ទៅច្រើនម៉ឺននាក់មានវត្តមាននៅទីលានរ៉ាប៊ីន ដែលជាកន្លែងប្រមូលផ្ដុំមនុស្សតវ៉ាជាប្រពៃណី ។ ប៉ូលិសប្រមាណជា៣០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារពួក
បាតុករថែរក្សារបៀបរៀបរយសាធារណៈ និងតាមដានពិនិត្យការគោរពវិធានការគម្លាតសង្គម ។
បាតុករភាគច្រើនពាក់ម៉ាសការពារ តែមិនបានឈរឃ្លាតគ្នា២ម៉ែត្រឡើយ ។ បាតុករមួយចំនួន
បានលើកប៉ង់កាតដែលចារថា ចូរឲ្យយើងដកដង្ហើមបានផង ។ ពួកបាតុករនាំគ្នាស្រែកថា យើង
មិនអាចដកដង្ហើមបានទេ។
បាតុកម្មត្រូវបានរៀបចំឡើងដោយបណ្ដា ក្រុមពលករឯករាជ្យ បណ្ដាសហគ្រាសធុនតូច
ហើយក៏មានបណ្ដាសិល្បករផងដែរ ។ ពួកគេ មានអារម្មណ៍ថា ត្រូវរដ្ឋាភិបាលបោះបង់ក្រោយការបិទដោយបង្ខំ ការធ្វើពាណិជ្ជកម្មរបស់ពួកគេ និងការបិទទីសាធារណៈពេលមានការឆ្លងរាលដាលខ្លាំងនៃវីរុស ។ បណ្ដាសហជីពនិស្សិតក៏ចូលរួមក្នុងការប្រមូលផ្ដុំគ្នានោះដែរ ដើម្បីសម្ដែងការព្រួយបារម្ភរបស់ពួកគេក្នុងពេលដែលយុវជនកាន់តែច្រើនពេលនេះរស់នៅដោយបាត់បង់ការងារ ។
អ៊ីស្រាអែលបានចាត់វិធានការបង្ខាំងមឺុងម៉ាត់កាលពីពាក់កណ្ដាលខែមីនា ដើម្បីទប់ការឆ្លង
វីរុស ។ រដ្ឋាភិបាលទើបលុបចោលការរិតត្បិតមួយចំនួនកាលពីដំណាច់ខែឧសភា ប៉ុន្តែចំនួនអ្នកឆ្លងវីរុសមានការកើនឡើងវិញជាថ្មី ដែលនាំឲ្យមានការរិតត្បិតជាថ្មី ដូចជាបិទបារ ក្លិបរាត្រី សាលកីឡា និងអាងហែលទឹក ។ ពលករជាច្រើនរង់ចាំតាំងពីច្រើនខែមកហើយនូវជំនួយដែលសន្យាផ្ដល់ដោយរដ្ឋាភិបាល ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ