សហរដ្ឋអាមេរិក៖ ទីបំផុត លោកប្រធានាធិបតីដូណាល់ ត្រាំ បានពាក់ម៉ាស់មុខនៅទីសាធារណៈជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ដែលនេះសបញ្ជាក់ថា លោកត្រាំ ហាក់រាងរអារខ្លាចការឆ្លងវីរុសមួយនេះហើយ ព្រោះកន្លងមកប្រធានាធិបតីអាមេរិករូបនេះមិនដែលពាក់ម៉ាស់ការពារនោះទេ បើទោះបីជាកន្លងមកមានមន្ត្រីនៅសេតវិមាន ក៏ដូចជាប្រជាជនអាមេរិកជាច្រើនបានឆ្លង និងស្លាប់ដោយសារកូវីដ ១៩ ក៏ដោយ ។

លោកត្រាំ ត្រូវបានគេមើលឃើញពាក់ម៉ាស់មុខ នៅពេលលោកកំពុងធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យយោធា Walter Reed នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលគាត់បានជួបទាហាន និងបុគ្គលិកសុខាភិបាលដែលរងរបួស ។
នៅពេលចាកចេញពីសេតវិមានលោកត្រាំបានមានប្រសាសន៍ថា «កន្លងមក ខ្ញុំមិនដែលប្រឆាំងនឹងការពាក់ម៉ាស់មុខទេ ប៉ុន្តែខ្ញុំជឿជាក់ថា ពួកគេមានពេលវេលា និងទីកន្លែង (ដែលត្រូវពាក់)»។

សូមរម្លឹកថា កន្លងមក លោកត្រាំ ធ្លាប់បាននិយាយថាគាត់នឹងមិនពាក់ម៉ាស់នោះទេ និងបានចំអកគូប្រជែងប្រជាធិបតេយ្យលោក Joe Biden ដែលធ្លាប់ពាក់ម៉ាស់ការពារនោះ ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍លោកត្រាំ បែរជានិយាយផ្ទុយនឹងពាក្យខ្លួនធ្លាប់និយាយពីមុន ដោយលើកនេះលោកបានអះអាងថា «ខ្ញុំគិតថានៅពេលដែលអ្នកនៅក្នុងមន្ទីរពេទ្យ ជាពិសេសនៅក្នុងកន្លែងពិសេសនោះ ដែលអ្នកកំពុងនិយាយជាមួយទាហាននិងប្រជាជនជាច្រើន ដែលក្នុងករណីខ្លះទើបតែចេញពីតុវះកាត់ ខ្ញុំគិតថាវាជារឿងល្អណាស់ដែលត្រូវពាក់ម៉ាស» ។

យោងតាមប្រភពព័ត៌មានពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា នៅអាមេរិកមានអ្នកកើតកូវីដ ១៩ បានហក់ឡើងដល់ ៦ ៣៩៧ ២៣០ ករណី និងមានអ្នកស្លាប់ច្រើនជាង ១៣៧ ៧០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ខែកក្កដា ឆ្នាំ២០២០ ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ