ឥណ្ឌា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា បានរកឃើញករណីឆ្លងសរុបកូវីដ១៩ ទូទាំងប្រទេសចំនួនជាង ៨ម៉ឺនករណីហើយ។
របាយការណ៍នេះបានរាយការណ៍ថា មានកូវីដ១៩ ករណីថ្មីចំនួន ២៧,១១៤ កាលពីថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនទូទាំងប្រទេសកើនដល់៨២០,៩១៦ករណី។

នេះជាថ្ងៃទី៣ ជាប់គ្នាហើយ ដែលប្រទេសនេះបានកត់ត្រានូវការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃរបស់ខ្លួន នៅក្នុងករណីឆ្លងវីរុសថ្មី។ នៅពេលករណីកូវីដ១៩ នៅតែបន្តកើនឡើងនោះ ទីក្រុងនិងរដ្ឋនានារបស់ឥណ្ឌាកំពុងរៀបចំវិធានការតឹងរឹងឡើងវិញ ដើម្បីទប់ស្កាត់ការរាលដាល។
កាលពីថ្ងៃសុក្រ រដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌា បានចេញការរឹតត្បិតជាច្រើននៅក្នុងរដ្ឋ សម្រាប់ចុងសប្តាហ៍នេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់កំណើននេះ ដោយមានតែសេវាកម្មចាំបាច់ប៉ុណ្ណោះដែលដំណើរការ។ ក្រសួងបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥១៥,០០០នាក់បានជាសះស្បើយពីវីរុសនេះហើយ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌា បានធ្វើតេស្តរកកូវីដ១៩ ចំនួន ១១.៣លានតេស្តរួចទៅហើយមកដល់ពេលនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ