ហុងកុង ៖ អាជ្ញាធរសុខាភិបាលហុងកុង បានព្រមានកាលពីថ្ងៃសៅរ៍ កន្លងមកនេះថា រលកទី៣ នៃជំងឺកូវីដ១៩ របស់ហុងកុង គឺជាបញ្ហាធ្ងន់ធ្ងរបំផុតនៃវិបត្តិសុខភាពសាធារណៈ រហូតមកដល់ពេលនេះ ខណៈដែលមនុស្សយ៉ាងតិច៦១នាក់នៅក្នុងទីក្រុង ត្រូវបានបញ្ជាក់ថា បានឆ្លង ឬបានធ្វើតេស្តវិជ្ជមានដំបូង។ នេះបើយោងតាមប្រភពព័ត៌មាន South China Morning Post ។

ទីក្រុងបានរាយការណ៍ពីការឆ្លង១៦ករណី ក្នុងចំណោម២៨ករណី ត្រូវបានកត់ត្រាជាផ្លូវការកាលពីថ្ងៃសៅរ៍ ខណៈមនុស្ស ៣៣នាក់ផ្សេងទៀត កំពុងរង់ចាំការបញ្ជាក់ថា ពួកគេបានឆ្លងវីរុសនេះ។
លោកវេជ្ជបណ្ឌិត Chuang Shuk-kwan ប្រធានសាខាមជ្ឍមណ្ឌលជំងឹឆ្លងនៃមជ្ឈមណ្ឌលការពារសុខភាព (CHP) នៃមជ្ឈមណ្ឌលការពារសុខភាពបានមានប្រសាសន៍ថា៖ «ការឆ្លងនៃរលកទី៣នេះ គឺធ្ងន់ធ្ងរបំផុតចាប់តាំងពីការរីករាលដាលបានចាប់ផ្តើមអាក្រក់ជាងកាលពីខែមីនាទៅទៀត»។

ការកើនឡើងជាបន្តដែលបានធ្វើឱ្យប្រជាជននៅហុងកុង ដែលបានឆ្លងកូវីដ១៩ កើនដល់ ១,៤៣១នាក់ ជាមួយនឹងការបាត់បង់ជីវិត៧នាក់ បានជម្រុញឱ្យមានការទទូចអង្វរពីអ្នកជំនាញសុខភាពសម្រាប់សាធារណជនឱ្យនៅផ្ទះ និងចៀសវាងទៅធ្វើការនៅកន្លែងដែលអាចធ្វើទៅបាន ខណៈដែលរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនច្រានចោលការរឹតបន្តឹងបន្ថែមទៀតទេ នៃការរក្សាគម្លាតសង្គម៕ ដកស្រង់ចេញពីវេបសាយ ៖ scmp (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ