ខេត្តបាត់ដំបង ៖ បន្ទាប់ពីមហាជនចង្អុលមុខចំៗដល់មន្ត្រី ឬ អាជ្ញាធរក្រុងអំពីភាព«អសកម្ម» ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងភាពស្ពឹកស្រពន់ក្នុងការអនុវត្តច្បាប់គ្រប់គ្របកាកសំណល់នៅក្នុងក្រុង.. ពេលនេះលោកចៅហ្វាយក្រុងទើបដាច់ចិត្តចេញសេចក្ដីសម្រេចបង្កើតក្រុមការងារពិគ្រោះយោបល់ ដើម្បីធ្វើការ «ផាកពិន័យដល់ជនគ្មានសណ្ដាប់ធ្នាប់ក្នុងការទុកដាក់កាកសំណល់» ក្រោយពីអាជ្ញាធរនេះដេកអោប «អនុក្រិត្យ» ស្ដីពីការគ្រប់គ្រងកាកសំណល់នេះអស់រយៈពេលជិត០៥ឆ្នាំ ។
បើគិតត្រិមពាក់កណ្ដាលខែកក្កដា ២០២០ នេះ អនុក្រិត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែសីហា ២០១៥ ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន» គឺខ្វះតែជាង១សប្ដាហ៍ប៉ុណ្ណោះ មានអាយុ០៥ឆ្នាំគត់ ដែលអាជ្ញាធរក្រុង-ខេត្តដេកអោបយ៉ាងត្រជាក់ មិនយកមកអនុវត្ត ។ អនុក្រិត្យនេះ ហាក់គ្មានដំណើរការអ្វីបន្តិចសោះ ចាប់តាំងពីថ្ងៃរាជរដ្ឋាភិបាល ចុះហត្ថលេខាជាផ្លូវការមក ។ បានត្រឹមតែអប់រំណែនាំបំពងសម្លេងតាមមេក្រូ ដឹកតាមរ៉ឺម៉កម៉ូតូឆ្វែលពេញក្រុងតែប៉ុណ្ណោះ ខណៈកាកសំណល់ស្អុយរលួយ ត្រូវបានមនុស្សគ្មានសណ្ដាប់ធ្នាប់ដឹកបោះចោលពាសពេញតាមដងផ្លូវ និងតាមមាត់ស្ទឹងសង្កែ នៅក្នុងក្រុង ។
តើអាជ្ញាធរមិនទាន់ត្រៀមលក្ខណៈក្នុងការចូលរួមអនុវត្ត លើអនុក្រិត្យនេះ ឬភ្លេចអនុវត្ត.. បានជាសម្ងំអោបអនុក្រិត្យនេះរហូតជិតដល់ទៅ០៥ឆ្នាំ ទើបដាច់ចិត្តចេញសេចក្ដីសម្រេច ដោយភ្ជាប់នឹងអនុក្រិត្យនេះ ដើម្បីធ្វើការផាកពិន័យបទល្មើសសំរាម.?
កន្លងមកមានគ្រប់មជ្ឍដ្ឋាន រាប់ទាំងមន្ត្រីនានាផង បានធ្វើការរិះគន់យ៉ាងពេញទំហឹងអំពីភាពយឺតយ៉ាវ ស្ពឹកស្រពន់ និងការមិនយកចិត្តទុកដាក់របស់អាជ្ញាធរក្រុង ចំពោះសំរាមដ៏ស្អុយរលួយ ដែលត្រូវមនុស្សមួយចំនួនដឹកយកទៅបោះចោលតាមចិញ្ចើមថ្នល់ និងនៅតាមដងស្ទឹងសង្កែចំកណ្ដាលក្រុង ។ ជាពិសេសមតិរិះគន់នេះតែងផ្ទុះឡើងនៅតាមបណ្ដាតុកាហ្វេ និងនៅតាមបណ្ដាញសង្គមនានាតែម្ដង។ ប៉ុន្តែអាជ្ញាធរ ហាក់មិនឈឺក្បាលហាលថ្ងៃនឹងមតិរិះគន់ទាំងនោះទេ ។ ផ្ទុយទៅវិញមានការឆ្លើយតប បែបចំអកឡកឡើយលាបពណ៍ទៅនឹងអ្នករិះគន់ទាំងនោះវិញថាជា«ក្រុមប្រឆាំង»។
មន្ត្រីខ្លះបានខ្សឹបប្រាប់កោះសន្តិភាពជារឿយៗ អំពីភាព«អសកម្ម»របស់មន្ត្រីសាលាក្រុងនេះ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងកាកសំណល់ ។ មន្ត្រីនិយាយថា ច្បាប់គ្រប់គ្រងសំរាមតាមរយៈ«អនុក្រិត្យ»របស់រាជរដ្ឋាភិបាល មាននៅក្នុងដៃស្រេចអស់ហើយ នៅឡើយតែអ្នកអនុវត្តតែប៉ុណ្ណោះដែលមិនព្រមធ្វើ ។ គេបែរជាយក«អនុក្រិត្យ»នោះទៅសម្ងំដេកអោបមិនធ្វើសោះទើបធ្វើឲ្យការគ្រប់គ្រងកាកសំណល់មានភាពរញ៉េរញ៉ៃរហូតដល់សព្វថ្ងៃនេះ ។
យ៉ាងនេះក្ដី តែមានមន្ត្រីខ្លះក៏បានលើកឡើងអំពីសកម្មភាពរបស់មន្ត្រីតាមសង្កាត់នានា តែងចុះត្រូតពិនិត្យលើទីតាំងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ទាំងនោះជាបន្តបន្ទាប់ផងដែរ តែហាក់គ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ឡើយ។
ទំនងដោយសារតែទទូលរងនូវការរិះគន់ពីមហាជន និងតាមបណ្ដាញសង្គមមិនបន្ធូរដៃអំពីភាព«អសកម្ម» គ្រប់បែបយ៉ាងនេះហើយ ឬអាចត្រូវប៉ុយថ្នាក់លើខ្លះៗផង ទើបនៅថ្ងៃទី៩ កក្កដា ២០២០ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបង្ខំចិត្ត ចេញសេចក្ដីសម្រេចយ៉ាងតន់ហន់មួយលេខ៣២/២០ សសរស្ដីពី«ការបង្កើតក្រុមការងារពិគ្រោះយោបល់ក្នុងការបង្កើតភ្នាក់ងារអនុវត្តផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រិត្យ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន»។
ក្នុងសេចក្ដីសម្រេចរបស់លោកអភិបាលក្រុងនេះក៏បានផ្អែកទៅលើ «អនុក្រិត្យ លេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ សីហា ២០១៥ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន»របស់រាជរដ្ឋាភិបាល។
សេចក្ដីសម្រេចនេះមានចំនួន០៣ប្រការ ។ ក្រុមការងារពិគ្រោះយោបល់ និង ភ្នាក់ងារអនុវត្តផាកពិន័យអន្តរការណ៍មានសមាសសភាពចំនួន១៦រូប នៅក្នុងជួររដ្ឋបាលក្រុង ក្នុងនោះក៏មានវត្តមានមន្ត្រីប៉ុស្តិ៍រដ្ឋបាលផងដែរ ដែលលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ជាប្រធាន ហើយក្រុមនេះស្ថិតនៅក្នុងប្រការ១ ។ ក្រុមការងារនេះ ត្រូវបានកំណត់យ៉ាងជាក់លាក់ អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលមានចែងនៅត្រង់ប្រការ២ ។ ដោយឡែកនៅត្រង់ប្រការ៣ វិញ គឺដាក់កំហិតឲ្យក្រុមការងារត្រូតពិនិត្យសំរាម ឬកាកសំណល់នេះ ត្រូវចុះអនុវត្តសេចក្ដីសម្រេចនេះ (ផាកពិន័យ) ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃដែលលោកអភិបាលក្រុង ចុះហត្ថលេខានេះតទៅ ( ៩ ០៧ ២០ )។
ទោះយ៉ាងណា គេមិនទាន់ដឹងថា តើការអនុវត្តនេះ ក្រុមការងារនឹងបែងចែកកម្លាំង ឬប្រើបច្ចេកទេសបែបណាទេ ក្នុងការតាមឃ្លាំមើល និងតាមចាប់ជនដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដើម្បីយកមកផាកពិន័យតាមច្បាប់ ? ពីព្រោះបើតាមការសង្កេតជាក់ស្ដែង ជនគ្មានសណ្ដាប់ធ្នាប់ ឬ ជនគ្មានមនសិការមួយចំនួនតែងដឹកជញ្ជូនសំរាម ឬកាកសំណល់ស្អុយរលួយផ្សេងៗយកទៅបោះចោលតាមចិញ្ចើមថ្នល់ ឬនៅតាមមាត់ស្ទឹង ធ្វើឡើងនៅពេលយប់ស្ងាត់ ។ ប៉ុន្តែយ៉ាងណាក៏ដោយមហាជនរំពឹងថា សេចក្ដីសម្រេចរបស់សាលាក្រុងបាត់ដំបង ដែលទើបនឹងចេញក្ដៅៗខាងលើនេះ នឹងមានប្រសិទ្ធភាព ក្នុងការអនុវត្តនូវ «អនុក្រិត្យ» របស់រាជរដ្ឋាភិបាល ដែលងាប់ស្ដូកជិត០៥ឆ្នាំកន្លងទៅនេះ និងមិនធ្វើឲ្យរដ្ឋាភិបាលអស់សង្ឃឹមឡើយ ៕
សូមបញ្ជាក់ ៖ យកសួនច្បារធ្វើជាទីផ្សារលក់ដូរ ឯមាត់ស្ទឹងសង្កែយកជាទីតាំងចាក់កាកសំណល់ស្អុយរលួយ
ចែករំលែកព័តមាននេះ