ខេត្តបាត់ដំបង៖ គេសង្កេតឃើញនៅតាមបណ្ដាសួនច្បារសាធារណៈស្ទើរគ្រប់ទីកន្លែង នៅក្នុងក្រុងបាត់ដំបង បាននិងកំពុងក្លាយជាកន្លែងសម្រាប់លក់ដូរចំណីអាហារ និង លក់គ្រឿងស្រវឹងនៅពេលរាត្រី រហូតដល់ពេលនេះ អ្នកលក់ដូរមួយចំនួនឈានដល់ការច្រើសយកមាត់ស្ទឹងសង្កែ ជាទីតាំងចោលកាកសំណល់ស្អុយរលួយ។ តើជាកំហុសរបស់អាជ្ញាធរក្រុង ឬកំហុសអ្នកលក់ដូរ បើអ្នកលក់ដូរទាំងនោះ សុទ្ធតែអះអាងថា សាលាក្រុង ជាអ្នកអនុញ្ញាតឲ្យមានការលក់ដូរបែបនេះ ?

នៅព្រឹកថ្ងៃទី០៩ កក្កដា គេឃើញបុរសអនាថាម្នាក់ កំពុងឆ្កឹះកកាយគំនរកាកសំណល់ដ៏ស្អុយរលួយ នៅឯមាត់ច្រាំងស្ទឹងសង្កែ ត្រើយខាងកើត នៃដងស្ទឹងសង្កែ ក្បែរក្បាលស្ពានថ្មចាស់ (ស្ពានមុខសាលាខេត្ត) ដែលកំពុងសាងសង់ថ្មីថែមមួយខ្សែទៀត។ គំនរសំរាមស្អុយជាងគម្រង់នោះ ត្រូវបានគេអះអាងថា មានមនុស្សដែលគ្មានមនសិកាដឹកយកទៅបោះចោល ប៉ុន្មានថ្ងៃកន្លងមកហើយ ដែលធ្វើឡើងនៅពេលយប់ តែមិនទាក់ភ្នែកមន្ត្រីសាលាក្រុង ឬ មន្ត្រីសាលាខេត្តទេ។

បុរសមាឌធំសម្បុរខ្មៅនោះ ស្នាក់នៅក្នុងវត្តសង្កែ ហើយបានប្រើវត្ថុរឹងទាញវែកគំនរសំរាមនោះ ក្រោមដំណក់ញើសហូរជោកខ្លួន ដើម្បីស្វែងរកលាភសក្ការៈ ( អេតចាយ)។ នៅទីនោះ បុរសនេះបានពន្យល់ថា «ខ្ញុំកំពុងទាញវែក គំនរសំរាមនេះឲ្យចេញពីគ្នា ដើម្បីរកអេតចាយផង និង វែកវាហាលថ្ងៃឲ្យស្ងួតផង ដើម្បីដុតចោលកុំឲ្យស្អុយ»។ បុរសដែលមានវ័យ៣០ប្លាយរូបនេះ បានបញ្ជាក់ទៀតថា «គ្មាននរណាប្រើខ្ញុំទេ តែខ្ញុំចង់ដុតវាចោលកុំឲ្យស្អុយ។ ខ្ញុំស្នាក់នៅក្នុងវត្តសង្កែ ធ្លាប់ដុតខ្មោចក្នុងវត្ត ចឹងខ្ញុំឃើញគំនរសំរាមនេះស្អុយ ខ្ញុំក៏វែកវាហាលឲ្យស្ងួត ដើម្បីដុតចោលនៅថ្ងៃរសៀលនេះ»។

នៅតាមបណ្ដាសួនច្បារនានានៅក្នុងក្រុងបាត់ដំបងនាបច្ចុប្បន្ននេះ ជាពិសេស «សួនសម្ដេចក្រឡាហោម ស ខេង» ដែលនៅជួរត្រើយខាងកើត នៃដងស្ទឹងសង្កែ ត្រូវបានមន្ត្រីសាលាក្រុង រៀបចំឲ្យមានការលក់ដូរ យ៉ាងអាណាធិបតេយ្យ នៅពេលរាត្រី ជាថ្នូរនឹងការប្រមូលយកផលប្រយោជន៏។ បើពិនិត្យជាក់ស្ដែង ការអនុញាតឲ្យមានការលក់ដូរលើសួនសាធារណៈយ៉ាងស្អេកស្កះជាងគេស្ទើររកផ្លូវដើរគ្មាន គឺមានចាប់ពីក្បាលស្ពានសម្ដេចក្រឡាហោម ត្រើយខាងកើតរហូតដល់ក្បាលស្ពានព្រះមុនីវង្ស (ស្ពានថ្មថ្មីផ្លូវជាតិលេខ៥)។

នៅពេលរាត្រី គេឃើញនៅលើសួន នៃដងស្ទឹងសង្កែ មានភ្លើងចម្រុះពណ៌ដូចភ្លើងនៅតាមបណ្ដាក្លិបកំសាន្តនានាដែរ ដែលទិដ្ឋភាពនេះបានប្រែក្លាយពីសួនច្បារទៅជាក្លិបកំសាន្ត។ គ្មានទេផ្លូវសម្រាប់ភ្ញៀវដើរកំសាន្ត បាត់បង់អស់ នៃសម្រស់ដងស្ទឹងសង្កែ ដែលធ្លាប់តែមានពណ៏បៃតង។ បើតាមមន្ត្រីខ្លះនិយាយថា មន្ត្រីសាលាក្រុង ជាអ្នកវះកាត់ដីសួនចែកចាយដល់អ្នកលក់ដូរចំណីអាហារ និង គ្រឿងស្រវឹងនៅពេលយប់ជាថ្នូរនឹងការបង់លុយ។ ការបែងចែកនេះទៀត ធ្វើឡើងតាមបែបបក្សពួកនិយម។

ដោយសារតែការនិយមបក្សពួកនេះហើយ ទើបបង្កឲ្យមានចម្លោះជាបន្តបន្ទាប់ រវាងអ្នកលក់និងអ្នកលក់។ ប្រភពដដែលនេះនិយាយថា ចំពោះកាកសំណល់វិញ ដំបូងឡើយ ពួកគេបានទុកដាក់កាកសំណល់បានល្អណាស់។ ប៉ុន្តែក្រោយមកពួកគេចាប់ផ្ដើមខ្ជីខ្ជារចោលកាកសំណល់ពាសវាលពាសកាលតាមដងស្ទឹង និងតាមចិញ្ចើមថ្នល់។ ដូចជាយកទៅបោះចោលនៅមាត់ស្ទឹងសង្កែ ខាងលើនេះជាដើម ភាគច្រើនគឺអ្នកលក់ដូរលើសួនច្បារនៅពេលយប់តែម្ដង។

សាលាក្រុងបាត់ដំបង ត្រូវបានមហាជនចង្អុលមុខចំៗ ទៅលើបេក្ខភាពលោកចៅហ្វាយក្រុង ស្ទើរគ្រប់អណត្តិ អំពី«ភាពអសកម្ម» នៃការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង បញ្ហាកាកសំណល់នេះ។ គេពិនិត្យឃើញ កាលកំឡុងមុនពេលមានរៀបចំពិធី«បុណ្យទន្លេ» ដែលប្រព្រឹត្តទៅកាលពីប៉ុន្មានខែមុន អាជ្ញាធរខេត្ត និង អាជ្ញាធរក្រុង ហាក់បានសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំសណ្ដាប់ធ្នាប់ និង ធ្វើការឈូសឆាយសំអាតដងស្ទឹងសង្កែ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និង ផ្គាប់ភ្នែកថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជា ដែលចូលរួមបុណ្យទន្លេនេះ។

កាលនោះគេឃើញនៅតាមដងស្ទឹង នៅតាមផ្លូវសាធារណៈ នៅតាមទីផ្សារ និង នៅតាមលំនៅឋាននានា ក្នុងក្រុងបាត់ដំបង ហាក់បង្ហាញនូវទិដ្ឋភាពយ៉ាងមានរបៀប និង មានសណ្ដាប់ធ្នាប់ល្អបំផុត។ ប៉ុន្តែអកុសលទិដ្ឋភាពបែបនេះ គេបានឃើញត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក៏រលាយបាត់អស់ទៅវិញ។ ពោលគឺក្រោយបញ្ចប់ពិធីបុណ្យទន្លេ អ្វីៗត្រូវបានវិវត្តន៏ទៅរកសភាពរញ៉េរញ៉ៃវិញដដែល។

ជុំវិញកាកសំណល់ស្អុយរលួយនៅមាត់ច្រាំង នៃដងស្ទឹងសង្កែខាងលើនេះ បើតាមប្រភពព័ត៏មានបានឲ្យដឹងថា កាកសំណល់នោះ ត្រូវបានមនុស្សគ្មានសណ្ដាប់ធ្នាប់ គ្មានមនសិកាដឹកយកទៅបោះចោលប៉ុន្មានថ្ងៃមុននេះនៅពេលយប់ស្ងាត់ គឺជាអ្នកលក់ដូរនៅលើសួនច្បារមួយចំនួន។ គំនរសំរាមនោះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ពីត្រើយខាងលិច នៃអាហារដ្ឋាន « River » និងពីលើស្ពានថ្មចាស់ខាងមុខសាលាខេត្ត តែអកុសលគ្មានមន្ត្រីណាម្នាក់ បានទាក់ភ្នែកនឹងគំនរកាកសំណល់ស្អុយដូចគំរង់នោះទេ បើទោះជាទីតាំងនោះស្ថិតនៅមាត់ស្ទឹង និង មិនឆ្ងាយពីអគាររដ្ឋបាលខេត្តក្ដី។

បើទោះជាមន្ត្រីស្អេកស្កះមើលមិនឃើញ ឬ មើលមិនស្គាល់គំនរសំរាមមាត់ស្ទឹង នៅកណ្ដាលវាលនោះ យ៉ាងនេះក៏ដោយចុះ តែមិនអាចរំលងពីភ្នែកបុរសម្នាក់ដែលមានមុខរបររើសអេតចាយ និង ដុតខ្មោចនេះដែរ។ ក្រោមកំដៅថ្ងៃបែកញើសជោគខ្លួន ជាមួយនឹងដៃវែករកអេតចាយផង ទាញគំនរសម្រាមពង្រាយហាលថ្ងៃផង បុរសមាឌធំដំបងរូបនេះ បានអះអាងថា « ខ្ញុំនឹងដុតគំនរសម្រាមដ៏ស្អុយនេះចោលនៅរសៀលថ្ងៃនេះ តែរងចាំហាលវាឲ្យស្ងួតសិនទើបដុតឆេះល្អ»។

ពាក្យពេចបុរសអណាថារូបនេះ ហាក់បានចាក់ដោតសម្បើមណាស់ ដល់បេះមហាជនទូទៅ។ ជាពិសេសលោកមន្ត្រីៗទាំងឡាយដែលមានភារកិច្ចរៀបចំសណ្ដាប់និងកាកសំណល់។ នេះជាការបង្ហាញនូវឆន្ទះពិតប្រាកដសម្រាប់ជួយដល់សង្គម នៃអ្នកដុតខ្មោចនិងរើសអេតចាយ។ ដូច្នេះ មន្ត្រីសាលាក្រុង ដែលវាស់ដីសួនច្បារចែកឲ្យអ្នកលក់ដូរចំណីអាហារ ឬ លក់គ្រឿងស្រវឹង ជាថ្នូរនឹងផលប្រយោជនានា គួរតែចេះខ្មាស់អៀនបុរសអណាថារូបនេះ។

ព្រោះបុរសនោះគ្មានផ្ទះសម្បែងស្នាក់នៅ ជីវិតរស់ពឹងផ្នែកលើចង្ហាន់ព្រះសង្ឃ និង គំនរសម្រាមស្អុយរលួយ តែបុរសនេះមានគំនិត និង មានមនសិការខ្ពស់ណាស់ ក្នុងឆន្ទះចូលរួមជួយដល់សង្គម..! ចុះលោកមន្ត្រីទាំងឡាយ ដែលទទូលទានប្រាក់ខែរដ្ឋគ្រប់គ្រាន់ មានភារកិច្ចទទូលខុសត្រូវចំពោះការងារនេះ តើគួរធ្វើដូចម្ដេចខ្លះដើម្បីសង្គម.?



ចែករំលែកព័តមាននេះ